
ក្រុមអ្នកសាធារណរដ្ឋនៅក្នុងសភាសហរដ្ឋអាមេរិកបាន អនុម័តច្បាប់ដោយសំឡេងភាគច្រើនស្តួចស្តែងដើម្បីបង្កើនការខ្ចីប្រាក់តាមរយៈការលក់ប័ណ្ណបំណុលរបស់ជាតិ។ ពួកគេបានបោះឆ្នោតឲ្យបង្កើនប័ណ្ណបំណុលចំនួន ១,៥សែនកោដិដុល្លារជាថ្នូរនឹងការរឹតបន្តឹងលើការចំណាយ។
សេតវិមាននិយាយថា បំណុលត្រូវបានបង្កើនដោយគ្មានភ្ជាប់លក្ខខណ្ឌ។
នៅក្នុងខែមករា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានឈានដល់ដែនកំណត់នៃការខ្ចីប្រាក់ស្របច្បាប់របស់ខ្លួន ដែលត្រូវបានគេស្គាល់ថាជាបំណុលជាតិតាមរយៈការលក់ប័ណ្ណបំណុលចំនួន ៣១,៣៨១ សែនកោដិដុល្លារ។
ជាថ្នូរនឹងការបង្កើនដែនកំណត់បំណុលត្រឹមចំនួន ១,៥ សែនកោដិដុល្លារ ច្បាប់របស់ក្រុមសាធារណរដ្ឋក៏នឹង៖ កាត់បន្ថយការចំណាយរបស់សហព័ន្ធ កាត់បន្ថយមូលនិធិកូវីដ-១៩ អនុវត្តលក្ខខណ្ឌការងារដ៏តឹងរ៉ឹងសម្រាប់អ្នកប្រើប្រាស់ប័ណ្ណបញ្ចុះតម្លៃអាហារនិងជំនួយរដ្ឋាភិបាល បញ្ឈប់ផែនការរបស់លោក Biden ក្នុងការលើកលែងឥណទានសម្រាប់និស្សិតរាប់ពាន់លានដុល្លា បញ្ចប់ការលើកលែងពន្ធលើថាមពលកកើតឡើងវិញ ព្រមទាំងជំរុញការផលិតប្រេង ឧស្ម័ន និងធ្យូងថ្ម។
ប្រសិនបើសភាមិនអាចឯកភាពលើកិច្ចព្រមព្រៀងដំឡើងកម្រិតបំណុលនោះ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងមិនអាចផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការរបស់ខ្លួន រួមមានការការពារជាតិ សន្តិសុខសង្គម និងបរិក្ខាពេទ្យនោះទេ។ សារព័ត៌មានCNN រាយការណ៍ថា ផ្នែកខ្លះនៃសេដ្ឋកិច្ចក៏អាចត្រូវរាំងស្ទះផងដែរ។

