
ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃសុក្រ (២៨មេសា) នេះថា ឆ្មាំល្បាតឆ្នេររបស់ខ្លួនបានចាត់វិធានការដើម្បីការពារអធិបតេយ្យភាពបន្ទាប់ពីកងនាវាហ្វីលីពីនបានឈ្លានពានចូលទៅក្នុងដែនទឹករបស់ចិន។
នៅមុននេះ ឆ្មាំល្បាតឆ្នេរហ្វីលីពីនបាននិយាយថា ខ្លួនបានជាប់ពាក់ព័ន្ធក្នុងការប្រឈមមុខដាក់គ្នាជាមួយកងនាវាចិនដែលបាន"បញ្ចេញសកម្មភាពដ៏គ្រោះថ្នាក់" នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាសកម្មភាពចុងក្រោយបំផុតនៃអន្តរសកម្មដែនសមុទ្រដ៏តានតឹងរវាងប្រទេសទាំងពីរ។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលដែលឆ្មាំល្បាតឆ្នេរបានធ្វើការល្បាតរយៈពេលមួយសប្តាហ៍នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ និងខណៈដែលរដ្ឋមន្ត្រីការបរទេសចិន លោកQin Gang បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងម៉ានីល កាលពីចុងសប្តាហ៍មុន ដើម្បីជួបសមភាគីហ្វីលីពីននិងលោកប្រធានាធិបតី Ferdinand Marcos Jr.
ប្រទេសចិន បានអះអាងសិទ្ធិភាគច្រើនបំផុតនៅសមុទ្រចិនខាងត្បូង ជាទីដែលទំនិញមានតម្លៃប្រមាណ ៣ សែនកោដិដុល្លារត្រូវបានដឹកជញ្ជូនឆ្លងកាត់ រៀងរាល់ឆ្នាំ។ ហ្វីលីពីនបានអំពាវនាវម្តងហើយម្តងទៀតឲ្យរដ្ឋាភិបាលក្រុងប៉េកាំងបញ្ឈប់សកម្មភាពឈ្លានពានរបស់ខ្លួននៅក្នុងតំបន់នោះ។