ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣នេះ គឺនឹងត្រូវចំណាយថវិកាប្រហាក់ប្រហែល ១១៨លានដុល្លារអាមេរិក ខណៈថវិកាដែលចំណាយនេះគឺជាថវិកាសន្សំរបស់រាជរដ្ឋាភិបាល។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជុំវិញព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះនៅពហុកីឡដ្ឋានមរតកតេជោសម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា គិតទាំងពីការរៀបចំផ្នែកហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងតាំងពីបីឆ្នាំមុនមកទាក់ទង និងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះនេះ គឺនឹងត្រូវចំណាយប្រហែលជិត ១២០លានដុល្លារអាមេរិក ឬក៏អាចលើសហ្នឹង។
យ៉ាងណាក៏ដោយសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC បានលើកឡើងផងដែរថា ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនូវព្រឹត្តិការណ៍ដ៏ធំមួយនេះ គឺកម្ពុជាចង់បង្ហាញនូវវប្បធម៌ និងអរិយធម៌ ដល់ពិភពលោកឲ្យបានដឹង ហើយក៏ចង់បញ្ជាក់ប្រាប់ពិភពលោកផងដែរថា ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនូវព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ វាមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែក៏មិនចាញ់ប្រទេសដទៃនោះដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៧ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយនោះ។ SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ ខណៈ ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕អត្ថបទ៖បាន ចក់




