ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនដំយ៉ាងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នឹងរៀបចំពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ដើម្បីឱ្យពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀប រយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធ ពិធីរហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ និងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ រហូតដល់បញ្ចប់កម្មវិធីសម្រាប់ថ្ងៃនីមួយៗ៕


