
ប្រធានក្រុមហ៊ុនសារព័ត៌មាន BBC លោក Richard Sharp បានលាលែងពីតំណែងនៅថ្ងៃសុក្រ (២៨មេសា)នេះ បន្ទាប់ពីរបាយការណ៍ឯករាជ្យមួយបានរកឃើញថាលោកបានបំពានច្បាប់ក្នុងការតែងតាំងសម្រាប់តំណែងសាធារណៈទាក់ទងនឹងកម្ចីឥណទានសម្រាប់អតីតនាយករដ្ឋមន្ត្រី លោក Boris Johnson ។
លោក Sharp បាននិយាយថា លោកបានឯកភាពលើសំណើបន្តកាន់តំណែងរហូតដល់ចុងខែមិថុនា ដើម្បីផ្តល់ពេលវេលាដល់រដ្ឋាភិបាលក្នុងការស្វែងរកអ្នកស្នងតំណែងបន្ទាប់ពីរូបលោក។
ក្រុមឃ្លាំមើលការតែងតាំងតំណែងសាធារណៈរបស់ប្រទេស បាននិងកំពុងស៊ើបអង្កេតលើមធ្យោបាយដែលរដ្ឋាភិបាលជ្រើសរើស លោកSharp ធ្វើជាប្រធានប្រព័ន្ធផ្សព្វផ្សាយមួយនេះ កាលពីឆ្នាំ២០២១ ។
របាយការណ៍បានរកឃើញថា ខណៈពេលដែលលោកបានបំពានគោលការណ៍របស់រដ្ឋាភិបាលលើការតែងតាំងតំណែងសាធារណៈ ដោយពុំបានលាតត្រដាងពីទំនាស់ផលប្រយោជន៍ដ៏ធំដែលអាចកើតមាននោះ វាក៏ជាករណីដែលថាការបំពាននេះ ពុំបានលុបបំបាត់សុពលភាពនៃតំណែងរបស់លោកនោះទេ។
ប៉ុន្តែ លោកSharp បាននិយាយថាការបន្តកាន់តំណែងរហូតដល់ចប់បញ្ចប់អាណត្តិរយៈ៤ ឆ្នាំរបស់លោក នឹងក្លាយជាការបង្វែរចំណាប់អារម្មណ៍"ពីប្រសិទ្ធភាពការងារ"នៃប្រព័ន្ធផ្សព្វផ្សាយនេះ។
