សៀមរាប ៖ នៅព្រឹកថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានដឹកនាំសមត្ថកិច្ចចុះទៅបិទផ្សារចាស់ និងហាងថតរូប និងផ្តិតរូប មានយីហោ ល្អពេញចិត្ត ស្ថិតនៅផ្លូវស៊ីវុត្ថា ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ជាបណ្តោះអាសន្ន ខណៈដែលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នៅទីនោះ។
លោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប បានមានប្រសាសន៍ថា ការសម្រេចបិទខ្ទប់ទីតាំងទាំងពីរនេះ ជាបណ្តោះអាសន្ន ក្រោពេលមន្រ្តីជំនាញរកឃើញថា អ្នកវិជ្ជមានកូវីដ១៩ ជាប់ពាក់ព័ន្ធទៅទីតាំងទាំង២នេះ។លោក បានបន្ដថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់ និងបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៤នាក់ នោះ មានអ្នកជំងឺម្នាក់ឈ្មោះ ហឿល សុភាព ភេទប្រុស អាយុ៤០ឆ្នាំ មានអាសយដ្ឋាននៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាអ្នកលក់ថង់ប្លាស្ទិច និងទំនិញ នៅតូបលេខ២០ ផ្សារចាស់ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ និងបានទៅថតចម្លងឯកសារនៅហាងថតរូប ល្អពេញចិត្ត ខាងត្បូងស្តុបសុខា ផ្លូវស៊ីវត្ថា ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ចំពោះករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ការចេញ-ចូលជាបណ្ដោះ-អាសន្ន ក្នុងបរិវេណផ្សារចាស់ ដែលស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ និងហាងថតរូប ល្អពេញចិត្ត ខាងត្បូងស្តុបសុខា ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។
រដ្ឋបាលខេត្ដសៀមរាប ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ ព្រមទាំងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព ជាចំបងផងដែរ ពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័កចំពោះបុគ្គលពាក់ព័ន្ធដោយផ្ទាល់និងប្រយោល។ បុគ្គលទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
តាមការកត់សំគាល់ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានការរីករាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ខេត្ដសៀមរាប គួរឱ្យកត់សំគាល់ ដែលធ្វើអាជ្ញាធរខេត្តសៀមរាប បង្ហាញពីការព្រួយបារម្ភរបស់ខ្លួន ចំពោះវិបត្តិនៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍នេះផងដែរ។
បើតាមលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ កាលពីរសៀលថ្ងៃទី០៣ខែឧសភានេះថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជម្ងឺកូវីដ-១៩ត្រូវបានចម្លងចូលមកពីខេត្តខាងក្រៅចូលមកក្នុងខេត្តសៀមរាប មានចំនួនកើនឡើងយ៉ាងឆាប់រហ័ស ដែលក្នុងនោះប្រមាណជា៤០% នាំចម្លងមកពីខេត្តព្រះសីហនុ ដែលក្នុងនោះជាការកត់សម្គាល់ផងដែរ គឺជាការវិលត្រប់ចូលស្រុកវិញ នៃប្រជាពលរដ្ឋខេត្តសៀមរាប ដែលកន្លងមកបានចេញទៅប្រកបមុខរបរ ឬទៅធ្វើការងារនៅខេត្តផ្សេងៗនោះ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥១នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១៦នាក់ ស្លាប់១នាក់ និង៣៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
អត្ថបទ ៖ សាវី





