ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និយាយកាលពីថ្ងៃសុក្រថា វាចាំបាច់ដើម្បីធានាថា ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន មិនទទួលបានជោគជ័យនោះទេ ដូច្នេះហើយទីក្រុងសេអ៊ូល កំពុងពិចារណាពីជម្រើសរបស់ខ្លួន នៅពេលវាកើតឡើងចំពោះជំនួយសម្រាប់សង្គ្រាមទៅឲ្យទីក្រុងគីវ។

នៅក្នុងសុន្ទរកថា នៅសាលា Kennedy របស់សាកលវិទ្យាល័យ Harvard នៅថ្ងៃទី៥នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដើម្បីប្រារព្ធខួបលើកទី៧០ នៃសម្ព័ន្ធភាពកូរ៉េខាងត្បូង-អាមេរិក លោក Yoon និយាយថា ការវាយប្រហារឈ្លានពានរបស់រុស្ស៊ី គឺជាការបំពានលើច្បាប់អន្តរជាតិ និងសិទ្ធិរបស់ប្រជាជនអ៊ុយក្រែន។
យោងតាមការបកប្រែប្រដេញពីសុន្ទរកថារបស់លោក លោក បាននិយាយថា យើងគួរតែបង្ហាញថា ការប៉ុនប៉ងបែបនេះ នឹងមិនឈានដល់ភាពជោគជ័យឡើយ ហើយយើត្រូវរារាំងការប៉ុនប៉ងបន្ថែមទៀតដែលត្រូវធ្វើឡើងនៅពេលអនាគត។
លោក Yoon ត្រូវបានសួរ អំពីលទ្ធភាពនៃការផ្តល់ជំនួយដ៏គ្រោះថ្នាក់របស់កូរ៉េខាងត្បូងទៅឲ្យអ៊ុយក្រែន លោកបានឆ្លើយតបថា យើងកំពុងតាមដានយ៉ាងដិតដល់អំពីស្ថានការណ៍ ដែលកំពុងបន្តលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន ហើយយើងនឹងចាត់វិធានការសមស្របដើម្បីគាំទ្របទដ្ឋានអន្តរជាតិនិងច្បាប់អន្តរជាតិ។
កាលពីថ្ងៃពុធ លោក Yoon បានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅសេតវិមាន ហើយសហរដ្ឋអាមេរិក បានសន្យាបង្ហាញដល់កូរ៉េខាងត្បូងនូវការចក្ខុវិស័យបន្ថែមទៀតក្នុងផែនការនុយក្លេអ៊ែររបស់ខ្លួនជុំវិញជម្លោះណាមួយជាមួយប្រទេសកូរ៉េខាងជើង ក្នុងពេលមានភាពអន្ទះសារជុំវិញការកើនឡើងឃ្លាំងមីស៊ីល និងគ្រាប់បែករបស់ទីក្រុងព្យុយ៉ា លោក Yoon បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុន មុនពេលចាកចេញទៅកាន់សហរដ្ឋអាមេរិកថា ទីក្រុងសេអ៊ូល អាចនឹងបន្ថែមការគាំទ្រសម្រាប់អ៊ុយក្រែនហួសពីជំនួយសេដ្ឋកិច្ច និងមនុស្សធម៌ ប្រសិនបើវាកើតឡើងក្រោមការវាយប្រហារជនស៊ីវិលទ្រង់ទ្រាយធំ ដោយផ្តល់សញ្ញាពីការផ្លាស់ប្តូរក្នុងជំហររបស់លោក ដែលប្រឆាំងទៅនឹងការផ្តល់អាវុធទៅឲ្យអ៊ុយក្រែនកាលពីពេលដំបូង។