ឧត្តមសេនីយ៍ម្នាក់ក្នុងចំណោមឧត្តមសេនីយ៍ជាច្រើនដែលកំពុងប្រយុទ្ធនៅស៊ូដង់ ដែលដឹកនាំកងកម្លាំងយោធាប៉ារ៉ា កំពុងប្រយុទ្ធជាមួយកងទ័ពរបស់ប្រទេសនេះ បានប្រាប់សារព័ត៌មាន BBCថា លោកនឹងមិនចរចានោះទេ រហូតដល់ការប្រយុទ្ធគ្នាបញ្ចប់។
ប៉ុន្តែឧត្តមសេនីយ៍លោក Mohamed Hamdan Dagalo ដែលគេស្គាល់ច្បាស់ថា Hemedti និយាយថា ក្រុមអ្នកប្រយុទ្ធរបស់លោកកំពុងត្រូវបានទម្លាក់គ្រាប់បែកឥតឈប់ឈរ ចាប់តាំងពីបទឈប់បាញ់រយៈពេល៤ថ្ងៃ ត្រូវបានបន្ថែមពេល។
លោកនិយាយថា យើងមិនចង់បំផ្លាញប្រទេសស៊ូដង់នោះទេ ដោយដាក់កំហុសលើមេបញ្ជាការយោធាលោក Abdel Fattah al-Burhan ចំពោះអំពើហិង្សានេះ។

ឧត្តមសេនីយ៍លោក Burhan បានព្រមព្រៀងយ៉ាងស្ទាក់ស្ទើ ចំពោះកិច្ចចរចាទល់មុខគ្នា នៅក្នុងប្រទេសស៊ូដង់សាងត្បូង។ ការបន្ថែមពេលវេលាសម្រាប់បទឈប់បាញ់ដ៏ផុយស្រួយ កាលពីយប់ថ្ងៃព្រហស្បតិ៍ ធ្វើឡើងបន្ទាប់ពីមានកិច្ចប្រឹងប្រែងផ្នែកការទូតដ៏តានតឹងដោយប្រទេសជិតខាង ព្រមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអង្គការសហប្រជាជាតិ។
និយាយទៅកាន់ ប្រព័ន្ធផ្សព្វផ្សាយ BBC តាមទូរស័ព្ទ លោក Hemedti និយាយថា លោកបើកចំហចំពោះការចរចា ប៉ុន្តែលក្ខខណ្ឌនោះគឺថា បទឈប់បាញ់គួតែផ្អាក «បញ្ឈប់អរិភាព» ហើយបន្ទាប់មកយើងអាចមានការចរចា។
