មនុស្សម្នាក់ដែលដឹងច្បាស់អំពីបញ្ហានេះ បាននិយាយកាលពីថ្ងៃសុក្រទី២៨ ខែមេសាថា សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធសហរដ្ឋអាមេរិក កំពុងត្រៀមដាក់ធនាគារ First Republic ឲ្យស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ដែលកំពុងធ្វើឲ្យភាគហ៊ុននៃក្រុមហ៊ុន ផ្តល់ប្រាក់កម្ចីមួយនេះ ធ្លាក់ចុះជាង៤០ភាគរយ ក្នុងការជួញដូរដែលបានបន្ត។

ភាគហ៊ុនរបស់ធនគារ បានបិទការជួញដូរដែលបានធ្លាក់ចុះ៤៣ភាគរយ បន្ទាប់ពីសារព័ត៌មាន CNBC បានរាយការណ៍ថា ក្រុមហ៊ុនផ្តល់ប្រាក់កម្ចីមួយនេះ ទំនងជាត្រូវដាក់ឲ្យស្ថិតក្រោមការទទួលខុសត្រូវរបស់សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធសហរដ្ឋអាមេរិក ដែលកំពុងធ្វើឲ្យកាន់តែធ្ងន់ធ្ងរចំពោះការបែងចែកភាគហ៊ុន ដែលបានធ្វើឲ្យខាតបង់៧៥ភាគរយនៃតម្លៃរបស់ខ្លួនក្នុងសប្តាហ៍នេះ។

ប្រភពព័ត៌មានបានប្រាប់សារព័ត៌មានរ៉យទ័រថា និយ័តករធនាគារសហរដ្ឋអាមេរិក បានសម្រេចថា ជំហររបស់ក្រុមហ៊ុនផ្តល់ប្រាក់កម្ចីប្រចាំតំបន់ដែលមានបញ្ហាមួយនេះបានធ្លាក់ចុះខ្លាំង ហើយពុំមានពេលវេលាច្រើនដើម្បីបន្តការសង្គ្រោះនោះទេ តាមរយៈវិស័យឯកជន ដោយសំណូមពរអនាមិកភាព ព្រោះបញ្ហានេះមានភាពសម្ងាត់។