កងទ័ពសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានចេញបញ្ជាឲ្យអង្គភាពអាកាសចរណ៍របស់ខ្លួន ផ្អាកប្រតិបត្តិការ១ថ្ងៃនៅខែក្រោយដើម្បីពិនិត្យឡើងវិញទម្រង់ការសុវត្ថិភាព និងធ្វើការបណ្តុះបណ្តាល បន្ទាប់ពីការធ្លាក់ឧទ្ធម្ភាគចក្រ២លើក កាលពីពេលថ្មីៗនេះ បណ្តាលឲ្យទាហាន១២នាក់ស្លាប់។

កងទ័ពបាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍ថា ចំណាត់ការនេះនឹងផ្អាកគ្រប់អកាសយានិកកងទ័ពទាំងអស់ លើកលែងតែការចូលរួមទាំងនោះស្ថិតក្នុងបេសកកម្មតានតឹងខ្លាំង រហូតដល់ពួកគេបញ្ចប់ការហ្វឹកហ្វឺនតាមតម្រូវការ។
អាកាសយានិកកងទ័ពអាមេរិក៣នាក់ បានស្លាប់នៅរដ្ឋ Alaska កាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលឧទ្ធម្ភាគចក្រ Apache ២គ្រឿង បានបុកគ្នា។
កាលពីខែមុន ទាហាន៩នាក់ បានស្លាប់ ក្នុងឧបត្តិហេតុឧទ្ធម្ភាគចក្រ Black Hawk ២គ្រឿង អំឡុងបេសកកម្មហ្វឹកហ្វឺន នៅលើរដ្ឋ Kentucky។
