អុីរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និយាយថា ប្រទេសអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត បានព្រមព្រៀងគ្នាដើម្បីបើកស្ថានទូត ស្ថានកុងស៊ុល នៅក្នុងប្រទេសទាំងពីរក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។
លោក Hossein Amir-Abdollahian បានថ្លែងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានក្នុងរដ្ឋធានី Beirut ប្រទេសលីបង់ ក្នុងពេលបញ្ចប់ទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសនេះ។
លោកបានកត់សំគាល់ថា បញ្ហានេះត្រូវបានព្រមព្រៀងតាមការសន្ទនាតាមទូរស័ព្ទចុងក្រោយរបស់លោកជាមួយសមភាគីអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud កាលពីថ្ងៃទី២០ ខែមេសា ហើយ រដ្ឋមន្ត្រីទាំងពីរបានអញ្ជើញគ្នាទៅវិញទៅមកនិងក្រុមមន្ត្រីដើម្បីធ្វើទស្សនកិច្ច។
លោក Amir-Abdollahian និយាយថា កិច្ចព្រមព្រៀងរវាងប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ដើម្បីធ្វើឲ្យមានប្រក្រតីភាពទំនាក់ទំនងក្នុងផលប្រយោជន៍របស់ប្រទេសទាំងពីរ ព្រមទាំងតំបន់ទាំងមូល ដែលទំនាក់ទំនងនេះ ប្រទេសលីបង់ក៏ទទួលបានផលប្រយោជន៍ផងដែរ។
ប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងកាលពីខែមីនា ដើម្បីបន្តទំនាក់ទំនងការទូត និងបើកស្ថានទូតនិងបេសកកម្មឡើងវិញក្នុងប្រទេសទាំងពីរក្នុងរយៈពេល២ខែខាងមុខ។
