កណ្ដាល ៖ នៅល្ងាចថ្ងៃទី២៩ ខែមេសានេះ ពលរដ្ឋក្រុងតាខ្មៅ ខេត្តកណ្តាល នាំគ្នាទស្សនាការប្រកួតកីឡា បាល់ទាត់ តាមស្លាយ LED នៅក្នុងសួនច្បារមាត់ទន្លេក្រុងតាខ្មៅ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំ។
ក្នុងឱកាសទស្សនាប្រកួតកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍SEA GAMES ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះរៀបចំនេះ បណ្តាពលរដ្ឋថ្លែងអរគុណរដ្ឋបាលខេត្តកណ្តាល ដែលបានរៀបចំស្លាយ ឲ្យពលរដ្ឋមើលការប្រកួតកីឡាSEA GAMESនេះ ខណៈ វិញ្ញាសារកីឡាដែលយើងចង់មើលបំផុតនោះ គឺការប្រកួតកីឡាបាល់ទាត់បុរស កម្ពុជា ជួបប្រកួតជាមួយទីម័រខាងកើតជាលើកដំបូង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES។
បើតាម ឯកឧត្តម ចាប វណ្ណនី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល បានថ្លែងថា ទិដ្ឋភាពនៃការដាក់បញ្ជាំងស្លាយឲ្យពលរដ្ឋទស្សនាការប្រកួតកីឡាSEA GAMESបែបនេះ គឺឯកឧត្តម អភិបាលខេត្តកណ្តាល បានណែនាំឲ្យគ្រប់អាជ្ញាធរក្រុងស្រុកខ័ណ្ឌ ឃុំសង្កាត់នានានៅទូទាំងខេត្តកណ្តាល រៀបចំដាក់ស្លាយបញ្ជាំងការប្រកួតកីឡាSEA GAMESនេះដូចគ្នា នៅតាមទីប្រជុំជនរបស់ខ្លួនចាប់ពីថ្ងៃទី២៩ ខែមេសានេះតទៅ ខណៈមានពលរដ្ឋមួយចំនួនមិនអាចទៅទស្សនាដោយផ្ទាល នៅទីលានប្រកួតអាចទស្សនាតាមផ្ទាំងLED ទាំងអស់នេះបាន៕ ដោយ ៖ សុជា