(កម្ពុជា)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ បើកយុទ្ធនាការប្រកួតស៊ីហ្គេម ២០២៣ លើប្រភេទកីឡាបាល់ទាត់វិញ្ញាសាបាល់ទាត់បុរស ដោយយកឈ្នះទីម័រខាងកើត ៤ទល់នឹង០ ក្នុងពូល A នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ពីមុខអ្នកគាំទ្ររាប់ម៉ឺននាក់។
ជំនួបនេះក្នុងតង់ទីមួយកីឡាករខ្សែបម្រើក្លិបព្រះខ័នរាជស្វាយរៀង ជូ ស៊ីនទី ស៊ុតបញ្ចូលទីបានពីរគ្រាប់តែឯងនៅនាទីទី៣៩ និងនាទីទី៥៤បូក២។ ចំនែកតង់ទី២ កីឡាករ ស រតនា និងកីឡាករ លឹម ពិសុទ្ធ បន្ថែមម្នាក់មួយគ្រាប់ទៀតនាទីទី៧៣ និងនាទីទី៨២ ឱ្យកម្ពុជា ឈ្នះទីម័រខាងកើត ៤ទល់នឹង០ ឈរនៅចំណាត់ថ្នាក់លេខ១ក្នុងពូល មាន៣ពិន្ទុ ដូចគ្នានឹងក្រុមលេខ២ឥណ្ឌូនេស៊ី ដែលបើកការប្រកួតឈ្នះហ្វីលីពីន ៣ទល់នឹង០ ថ្ងៃជាមួយគ្នា។
ក្រោយប្រកួតបញ្ចប់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរ និងកោតសរសើរចំពោះកីឡាករកម្ពុជា ដែលទទួលបានជ័យជំនះ ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ លើវិញ្ញាសាបាល់ទាត់ (បុរសពូល A) នា រាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រវាង កម្ពុជា និង ទីម័រខាងកើត ក្នុងលទ្ធផល ៤ទល់នឹង០ ទីលានបាល់ទាត់ក្នុងពហុកីឡដ្ឋានជាតិ(អូឡាំពិក)។ សម្តេចបានជូនពរក្រុមកីឡាករកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀត។
ប្រកួតបន្ទាប់បាល់ទាត់បុរសពូល A កម្ពុជា ត្រូវជួបប្រកួតជាមួយនឹងហ្វីលីពីនថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ខណៈដែលសហភាពមីយ៉ាន់ម៉ា ប្រកួតនឹងទីម័រខាងកើត។ ចំនែកបាល់ទាត់នារីថ្ងៃទី០៣ ខែឧសភា កម្ពុជា បើកការប្រកួតពូល B ជាមួយឡាវនៅកីឡដ្ឋាន RSN៕