ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធបោះពុម្ព និងផ្សព្វផ្សាយសៀវភៅដែលមានឈ្មោះថា "ហ៊ុន សែន កម្ពុជា" ។
លោក ទុំប៉ែន វីរៈវិទូ ប្រធានក្រុមការងារស្រាវជ្រាវរបាយការណ៍និពន្ធសៀវភៅសម្តេចទាំងទ្វេ បានឲ្យដឹងថា ក្រុមការងាររបស់លោកបានខិតខំនិពន្ធ ចងក្រងឡើងដោយមាន ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីបោះពុម្ពផ្សព្វផ្សាយដល់គ្រប់ស្ថាប័ន បានអានឈ្វេងយល់ពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតជោ ដែលបានស្វែងរកសន្តិភាពពេញលេញជូនប្រជាជនកម្ពុជា និងបានកសាងប្រទេសកម្ពុជាពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍលើគ្រប់វិស័យ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ។
លោក ទុំប៉ែន វីរៈវិទូ បញ្ជាក់ថា សៀវភៅ “ហ៊ុន សែន កម្ពុជា” នេះបាននិពន្ធចងក្រង បោះពុម្ព និងផ្សព្វផ្សាយដល់គ្រប់ស្ថាប័នចំនួន ០១លើក រួចមកហើយ និងនិពន្ធចងក្រងលើកទី០២នេះ រហូតដល់ជាង១០០០ទំព័រ ដោយឆ្លុះបញ្ចាំងពីនយោបាយបង្រួបបង្រួមផ្សះផ្សាអភិវឌ្ឍជាតិពីគំនរបែកបាក់ដោយសារសង្គ្រាម ហើយអាចនិយាយបានថា ជាសៀវភៅប្រវត្តិសាស្ត្រមួយដ៏មានសារៈសំខាន់សម្រាប់ក្មេងជំនាន់ក្រោយបានសិក្សាឈ្វេងយល់ពីការដឹកនាំប្រទេសកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន ។
លោក ទុំប៉ែន វីរៈវិទូ បន្ថែមថា សម្តេចតេជោ ហ៊ុន សែន ជាមគ្គទេស៍ឯកនយោបាយ ឈ្នះ ឈ្នះ ក៏ដូចជាបិតាកសាង សន្តិភាព ជានិមិត្តរូបនៃសន្តិភាពនិងការអភិវឌ្ឍ ដែលជាសសរទ្រូងដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងជាក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា៕








