បាល់ទាត់៖ ក្លិបអ៊ីតាលី AS Roma បន្ទាប់ពីគ្រូបង្វឹក Paulo Foncesca ប្រកាសចាកចេញពីតំណែងនៅដំណាច់រដូវកាលនេះនោះ ក៏បានប្រកាសគ្រូបង្វឹកថ្មីរបស់ខ្លួននៅរដូវកាលក្រោយដែរគឺលោក Jose Mourinho ដែលទើបត្រូវបានបណ្តេញចេញពី Tottenham Hotspur។
ក្លិបដែលមូលដ្ឋាននៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីមួយនេះបានប្រកាសថា ក្លិបមានសេចក្តីរីករាយក្នុងការប្រកាសពីការឈានដល់កិច្ចព្រមព្រៀងជាមួយលោក Jose Mourinho ដែលនឹងក្លាយជាគ្រូបង្គោលរបស់ Roma ចាប់ពីរដូវកាល ២០២១-២០២២ ខាងមុខ។ បើតាមការចុះផ្សាយពីសារព័ត៌មាននៅអ៊ីតាលី បុរសសញ្ជាតិព័រទុយហ្កាល់រូបនេះបានចុះហត្ថលេខាដឹកនាំ AS Roma ដល់ឆ្នាំ២០២៤។ លោក Jose Mourinho ទើបតែត្រូវបាន Tottenham Hotspur បណ្តេញចេញពីតំណែងក្រោយដឹកនាំបាន ១៧ខែប៉ុណ្ណោះបន្ទាប់ពីដឹកនាំក្រុមមិនអាចបង្ហាញខ្លួននៅ UEFA Champions League រដូវកាលក្រោយដោយកំពុងឈរលេខ៧ នៅ Premier League។
នេះជាការវិលត្រលប់មកកាន់ទឹកដីអ៊ីតាលីជាលើកដំបូង សំរាប់គ្រូបង្វឹកវ័យ ៥៨ឆ្នាំរូបនេះបន្ទាប់ពីធ្លាប់បានដឹកនាំ Inter Milan ពីឆ្នាំ២០០៨ ដល់ ២០១០ និងជួយ Inter Milan ឈ្នះជើងឯក UEFA Champions League នៅរដូវកាលចុងក្រោយ។ Jose Mourinho ត្រូវបានគេដឹងថា ជាគ្រូបង្វឹកដែលចូលចិត្តប្រលែងលេងជាមួយនឹងសំពាធ ហើយអាជីពរបស់លោកទោះជោគជ័យ រឺមិនជោគជ័យក៏ដោយ លោកដឹកនាំក្លិបនីមួយៗមិនច្រើនឆ្នាំឡើយ ពោលគឺមិនលើសពី ៣ឆ្នាំ៕
អត្ថបទ៖នាង សុភាវុធ