ស៊ូដង់៖ ការវាយប្រហារតាមអាកាស និងកាំភ្លើងធំបានធ្វើឲ្យកក្រើកទីក្រុង Khartoum កាលពីថ្ងៃសៅរ៍ ខណៈ ប្រទេសស៊ូដង់ បានឈានចូលដល់សប្តាហ៍ទី៣នៃការប្រយុទ្ធគ្នារវាងកងកម្លាំងយោធា ដែលជាគូប្រជែង ទោះបីជាមានបទឈប់បាញ់ក៏ដោយ ដោយបានជំរុញឲ្យជនស៊ីវិលកាន់តែច្រើនភៀសខ្លួន និងការព្រមានជាថ្មីអំពីអស្ថិរភាពកាន់តែធ្ងន់ធ្ងរ ប្រសិនបើសង្រ្គាមមិនត្រូវបានបញ្ឈប់។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុតមួយរបស់រដ្ឋាភិបាលបរទេសក្នុងការជម្លៀសពលរដ្ឋរបស់ពួកគេ និងអ្នកដទៃ ក្បួនរថយន្តដែលរៀបចំដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកបានមកដល់ទីក្រុងកំពង់ផែសមុទ្រក្រហម ផតស៊ូដាន(Port Sudan) កាលពីថ្ងៃសៅរ៍ ដោយជម្លៀសពលរដ្ឋអាមេរិក បុគ្គលិកក្នុងស្រុក និងអ្នកផ្សេងទៀត។
លោក Miller បន្ថែមថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងជួយជនភៀសខ្លួនធ្វើដំណើរទៅកាន់ទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ លោកមិនបានបញ្ជាក់ថា តើមានជនជាតិអាមេរិកប៉ុន្មាននាក់ទៀតនៅក្នុងប្រទេសនេះនោះទេ។

ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិមួយរូបមុននេះ បានបង្ហាញលទ្ធភាពនៃក្តីសង្ឃឹមកាន់តែតិចទៅក្នុងការបញ្ចប់ការប្រយុទ្ធគ្នា ដោយនិយាយថា ភាគីជម្លោះដែលរហូតមកដល់ពេលនេះមិនមានសញ្ញានៃការសម្រុះសម្រួល ឥឡូវនេះបើកចំហបន្ថែមទៀតសម្រាប់ការចរចា ទោះបីជាមិនទាន់បានកំណត់កាលបរិច្ឆេទក៏ដោយ។មនុស្សរាប់រយនាក់បានស្លាប់ និងរាប់ពាន់នាក់ទៀត បានរងរបួសចាប់តាំងពីថ្ងៃទី ១៥ ខែមេសា នៅពេលមានការដណ្ដើមអំណាចជាប់ប្រចាំរវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័ស (RSF) បានផ្ទុះឡើងជាជម្លោះ។មនុស្សយ៉ាងហោចណាស់៥១២នាក់ស្លាប់ ខណៈការប្រយុទ្ធនៅបន្ត ទោះបីមានបទឈប់បាញ់ក៏ដោយ៕