រុស្ស៊ី៖អភិបាលក្រុងលើកបន្តុបដោយទីក្រុង Moscow បាននិយាយកាលពីថ្ងៃសៅរ៍ថា កាវាយប្រហារដោយយានដ្រូនមួយបានបណ្ដាលឲ្យឆេះទីតាំងស្តុកប្រេងមួយកន្លែងក្នុងទីក្រុងកំពង់ផែ Sevastopolរបស់តំបន់ Crimea ដែលបង្កឲ្យមានផ្សែងខ្មៅខ្មួលខ្មាញ់ឡើងលើអាកាស មុនពេលត្រូវបានពន្លត់។

លោក Mikhail Razvozhaev បាននិយាយតាមបណ្ដាញសង្គម Telegram ថា ក្រុមអ្នកជំនាញបានពិនិត្យមើលទីតាំងកើតហេតុ និងបានបង្ហាញយ៉ាងច្បាស់ថា មានតែយានដ្រូនតែប៉ុណ្ណោះ ដែលអាចទៅដល់កន្លែងស្តុកប្រេងឥន្ធនៈបម្រុងនេះ ដោយលោកបានបន្ថែមថា ពុំមាននរណាម្នាក់រងរបួសទេក្នុងអគ្គិភ័យនេះ។
លោកបានបន្ថែមទៀតថា យានដ្រូនមួយគ្រឿងផ្សេងទៀត ត្រូវបានបាញ់ទម្លាក់ ហើយបំណែកយានដ្រូននោះ ត្រូវបានប្រទះឃើញនៅមាត់ឆ្នេរជិតច្រកកំពង់ផែ។
ប្រទេសអ៊ុយក្រែន ពុំមានមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចបាញ់ដល់គោលដៅ ដូចជា កំពង់ផែ Sevastopol នេះទេ តែមានតែប្រើយានដ្រូនប៉ុណ្ណោះដែលអាចធ្វើទៅបាន។

ទីក្រុង Moscow បានចោទប្រកាន់ទីក្រុង Kyiv ពីបទបញ្ជូនរលកនៃយានដ្រូនតាមអាកាស និងតាមសមុទ្រ ដើម្បីវាយប្រហារតំបន់ Crimea ជាឧបទ្វីបដែលរុស្ស៊ី បានបញ្ចូលក្នុងឧបសម្ព័ន្ធកាលពីឆ្នាំ ២០១៤៕