យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បាននិយាយកាលពីថ្ងៃសៅរ៍ថា ការពង្រីកកិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ង់ និងអ៊ីរ៉ាក់ និងការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីដែលបានចុះហត្ថលេខាពីមុនបម្រើផលប្រយោជន៍រួមរបស់ភាគីទាំងពីរ។

លោកបានគូសបញ្ជាក់បែបនេះ នៅក្នុងជំនួបជាមួយប្រធានាធិបតីអ៊ីរ៉ាក់ លោក Abdul Latif Rashid ដែលកំពុងបំពេញទស្សនកិច្ច ដោយមានការចូលរួមពីប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi នៅទីក្រុង Tehran ផងដែរ។

មេដឹកនាំកំពូលរូបនេះបានសង្កត់ធ្ងន់ថា វឌ្ឍនភាព និងវិបុលភាពរបស់អ៊ីរ៉ាក់ មានសារៈសំខាន់ណាស់ចំពោះអ៊ីរ៉ង់ ដោយបន្ថែមថា អ៊ីរ៉ង់នឹងឈរក្បែរអ៊ីរ៉ាក់ ហើយចង់ឃើញប្រទេសនេះរីកចម្រើនបន្ថែមទៀត។
លោកបានបន្ថែមថា ការរួបរួម រវាងប្រទេសទាំងពីរមិនអាចរងផលប៉ះពាល់ដោយកត្តានយោបាយខាងក្រៅ នោះទេ ដោយអំពាវនាវឲ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារ និងបន្តទំនាក់ទំនងទ្វេភាគី។ ចំណែកប្រធានាធិបតីអ៊ីរ៉ាក់វិញ បាននិយាយថា ទំនាក់ទំនងរវាងទីក្រុងតេអេរ៉ង់ និងក្រុងបាកដាដ គឺនៅតែបន្ត និងរឹងមាំ ហើយកិច្ចសហប្រតិបត្តិការទ្វេភាគីត្រូវបានអនុវត្តក្នុងលក្ខណៈចម្រុះ និងវិស័យផ្សេងៗគ្នា៕