កោះកុង ៖ ការងារទប់ស្កាត់ជំងឺកូវីដ១៩ ជាបញ្ហាចំពោះមុខរបស់អាជ្ញាធរស្រុកបូទុមសាគរ ក៏អ្វីដែលសំខាន់ដែរនោះ គឺការការពារដីបម្រុងទុករបស់រដ្ឋឱ្យបានគង់វង្ស ទៅអនាគត ជៀសវាងរងការទន្រ្ទានយកពីបុគ្គលខិលខូចណាម្នាក់។
ដីរដ្ឋបម្រុងទុកជាង១៥ហិកតា របស់ស្រុកបូទុមសាគរ នៅចំណុចភ្នំត្រងោល ភូមិជីមាល ឃុំអណ្តូងទឹក កំពុងត្រូវបានវាស់វែង ពិនិត្យផ្ទៀងផ្ទាត់ព្រំប្រទល់ដីឡើងវិញ សម្រាប់ស្នើសុំចុះបញ្ចីជាកម្មសិទ្ធិរបស់រដ្ឋកាន់តែរឹងមាំថែមទៀត។
លោក សាង ស៊ីណេន អភិបាលរងស្រុកបូទុមសាគរ គូសបញ្ជាក់នៅរសៀលថ្ងៃទី៥ ខែឧសភា ២០២១នេះថា ផ្ទៃដីដែលក្រុមការងារស្រុកចុះពិនិត្យ និងវាស់វែងតាមលក្ខណៈបច្ចេកទេសឡើងវិញនេះ ជាដីបម្រុងទុករបស់ស្រុកជាយូរឆ្នាំណាស់មកហើយ តាំងពីអាណិត្តអភិបាលស្រុកមុនៗ។ ទោះបីជាដៃម្ខាងបង្កើនការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ក៏ដោយ ដៃម្ខាងទៀតមិនអាចបំភ្លេចនូវការការពារដីបម្រុងទុកបានទេ។
ការងារសារពើភណ្ឌរដ្ឋខាងលើ លោកអភិបាលរងស្រុកបូទុមសាគរ បន្ថែមឱ្យដឹងទៀតថា ធ្វើឡើងវិញក្នុងគោលបំណងផ្ទៀងផ្ទាត់ ចំនួនតួលេខជាក់ស្តែងជាថ្មីច្បាស់លាស់ ថាតើវាមានការបាត់បង់ដែរ ឬ ទេ? វារងប៉ះពាល់ជាមួយប្រជាពលរដ្ឋទេ? គ្រាវាស្ថិតនៅក្បែរតំបន់ដីសង្គមកិច្ច និងដីរបស់ប្រជាពលរដ្ឋ។
លោក សាង ស៊ីណេន អះអាងថា ក្រោយការចុះបញ្ជីផ្លូវការចប់រួចរាល់ហើយ ស្រុកមានគម្រោងរៀបចំឱ្យមានជាវត្តអារាម ទីតាំងបោះជំរំកម្សាន្តរបស់យុវជន និងរមណីយដ្ឋានកម្សាន្តធម្មជាតិទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តនាពេលខាងមុខ។
ក្រៅពីពិនិត្យវាស់វែងដីបម្រុងទុកស្ថិតនៅចំណុចភ្នំត្រងោល រដ្ឋបាលស្រុកក៏ធ្លាប់បានចុះពិនិត្យទីតាំងដីនៅបុរាណដ្ឋានអណ្តូង១០០ ស្ថិតនៅភូមិអណ្តូងទឹក និងបុរណដ្ឋានថ្មសាន ស្ថិតនៅជីត្រេះ ឃុំអណ្តូងទឹក ជាមួយក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បខេត្តផងដែរ៕
អត្ថបទ ៖ មករា




