ស្វាយរៀង ៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ក្នុងនាម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្ដម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានអញ្ជើញប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាចំនួន ៣៤៥ មកពីសង្កាត់បាទី និងសង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។
ឯកឧត្ដម លី ធុជ បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះការសម្រេចចិត្តចូលរួមរស់ជាមួយមហាគ្រួសារនៃគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ហើយឯកឧត្ដម លី ធុជ បានចាត់ទុកការរួមរស់ជាមួយគណបក្សរបស់បងប្អូនប្រជាពលរដ្ឋ គឹជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ដើម្បីចូលរួមបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាចូលរួមដល់ការអភិវឌ្ឍនៅតាមមូលដ្ឋានឲ្យកាន់តែប្រសើរឡើង។ ឯកឧត្ដមបន្តទៀតថា មានតែគណបក្សប្រជាជនកម្ពុជា មួយប៉ុណ្ណោះ ដែលតែងតែគិតគូរ និងផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ការកសាងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងពិធីនោះ ឯកឧត្ដមប្រធានក្រុមគណបក្សចុះមូលដ្ឋានក្រុងបាវិត បានណែនាំឲ្យសមាជិក សមាជិកាគណបក្សដែលទើបបញ្ចូលថ្មីទាំងអស់ ត្រូវបន្តចងចាំនូវគុណតម្លៃ និងការដឹកនាំជាប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ចំនួន ០៣ចំណុច រួមមាន៖
១/. ថ្ងៃរំដោះ ៧មករា ៖ ថ្ងៃ៧មករា គឺជាថ្ងៃប្រវត្តិសាស្រ្ត និងជាសមិទ្ធផលមិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងបានផ្តល់នូវកំណើតទី២ ជូនដល់ប្រជាជនកម្ពុជាទាំងអស់។
២/. នយោបាយ ឈ្នះ ឈ្នះ ៖ ទោះបីប្រទេសកម្ពុជា ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុន្តែប្រទេសជាតិនៅតែបន្តបែកបាក់គ្នា និងបែងចែកតំបន់គ្នាគ្រប់គ្រង។ ក្រោមនយោយបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ជាបិតាសន្តិភាព កម្ពុជាបានក្លាយជាប្រទេសតែមួយ ទទួលបានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញពាសពេញផ្ទៃប្រទេស។
៣/. សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចំរើនលើគ្រប់វិស័យដូចសព្វថ្ងៃ ព្រមទាំងបានកសាងនូវសមិទ្ធផលជាប្រវត្តិសាស្រ្តយ៉ាងច្រើន និងលើកកម្ពស់កម្ពុជាឲ្យស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោក។
ក្នុងឱកាសនោះ ឯកឧត្ដម លី ធុជ បានពាំនាំសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចកិត្តិសង្គហបណ្ឌិត ជូនចំពោះសមាជិក សមាជិកាគណបក្សក្រុងបាវិតទាំងអស់ ព្រមទាំងជម្រុញឲ្យសមាជិក សមាជិកាទាំងអស់ បន្តជួយផ្សព្វផ្សាយអំពីសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា និងណែនាំអោយក្រុមគ្រួសារ សាច់ញាតិ និងមិត្តភ័ក្តិទាំងអស់ទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ ឆ្នាំ ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕









