ភ្នំពេញ៖ ឯកឧត្តម ហេង សួរ ប្រធានក្រុមការងារគណបក្សចុះជួយឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម បានដឹកនាំកិច្ចពិភាក្សាដោះស្រាយសំណូមពរ តម្រូវការ និងការបម្រើសេវាសាធារណៈជូនប្រជាជននៅស្នាក់គណបក្សប្រជាជនកម្ពុជាឃុំផ្អាវ។
ក្នុងកិច្ចពិភាក្សា កាលពីថ្ងៃទី២៩ មេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ហេង សួរ បានផ្ដោតលើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដូចជា សំបុត្រកំណើត សំបុត្រមរណភាព លិខិតអាពាហ៍ពិពាហ៍ ព្រមទាំងការធ្វើអំពើល្អជាមួយសមាជិកគណបក្ស ប្រជាពលរដ្ឋទូទៅ ដើម្បីសម្រួលដល់ការរស់នៅ ប្រកបមុខរបរ ការធ្វើដំណើរជូនប្រជាពលរដ្ឋ ទាក់ទាញបេះដូងសម្រាប់ការគាំទ្រ និងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នាពេលខាងមុខ។
ឯកឧត្តម បានជំរុញឱ្យមេឃុំ ស្មៀន មេភូមិ គ្រូពេទ្យនៅមណ្ឌលសុខភាព និងមន្ត្រីមូលដ្ឋាននៅឃុំផ្អាវ ខិតខំដោះស្រាយបញ្ហាអត្រានុកូលដ្ឋានដល់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព និងឆាប់រហ័ស។
ឯកឧត្តម បានលើកជាយោបល់បន្ថែមថា រាល់ពេលជួបជាមួយប្រជាជន ឬពេលយកលិខិតទៅជូនប្រជាជន មន្ត្រីអនុវត្តត្រូវចេះគួរសមទន់ភ្លន់ដាក់ប្រជាពលរដ្ឋ ឆ្លៀតសួរសុខទុក្ខ និងជូនពរប្រជាពលរដ្ឋជាដើម នោះប្រជាពលរដ្ឋនឹងកាន់តែគោរពស្រឡាញ់មកកាន់មន្ត្រីអាជ្ញាធរមូលដ្ឋាន ហើយគាំទ្រគណបក្សប្រជាជនកម្ពុជាថែមទៀត ដែលនោះហើយជាគោលដៅដែលគណបក្សចង់ផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋទូទៅ៕ ដោយ ៖ បូរ៉ាវី








