ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃនេះ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលប្រារព្ធឡើងក្រោមប្រធានបទ "សន្តិភាព ស្ថិរភាព មុខរបរ និងការងារ"។
ពិធីអបអរសាទរព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅក្រោមអធិបតីឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការអញ្ជើញចូលរួមមកពីតំណាងអង្គការអន្តរជាតិខាងការងារ (ILO) តំណាងភាគីសហជីព និងភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត។
សូមបញ្ជាក់ថា ទិវាពលកម្មអន្តជាតិនេះ កើតឡើងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៨៨៦ ដោយចលនាកម្មករប្រមាណជាង ៣៦ម៉ឺននាក់ បានធ្វើកូដកម្មជាង ៥០០កន្លែង នៅទីក្រុងឈីកាហ្គោ និងទូទាំងប្រទេសអាម៉េរិក។ ប្រធានបទនៃការទាមទារ គឺមួយថ្ងៃធ្វើការ ៨ម៉ោង សម្រាកទទួលទានដំណេក ៨ម៉ោង និងរៀនសូត លំហែកាយ ៨ម៉ោង។
មូលហេតុដោយនៅសតវត្សទី១៩ ពលករ កម្មករ នៅបណ្ដាលប្រទេសមូលធន ទទួលរងការជិះជាន់ គាបសង្កត់យ៉ាងធ្ងន់ធ្ងរ និងត្រូវបង្ខំឱ្យធ្វើការ ១០ម៉ោង ទៅ ១៦ម៉ោងក្នុងមួយថ្ងៃ។ គ្មានពេលសម្រាក គ្មានការ រៀនសូត្រ លំហែកំសាន្តទេ ជីវភាពរស់នៅផ្ទាល់ខ្លួន និងគ្រួសារ មានការលំបាកខ្លាំង។





