ក្រុមកងកម្លាំងយោធាគូប្រជែងរបស់ប្រទេសស៊ូដង់ កំពុងចោទដាក់គ្នាអំពីការបំពានបទឈប់បាញ់ថ្មីៗខណៈជម្លោះដ៏ធ្ងន់ធ្ងររបស់ខ្លួន បានឈានដល់សប្ដាហ៍ទី៣ ទោះបីជាមានការព្រមានពីការធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល ដ៏មហន្តរាយក៏ដោយ។

មនុស្សជាង៥០០នាក់ បានស្លាប់និងរាប់ពាន់នាក់បានរងរបួស ចាប់តាំងពីជម្លោះដណ្ដើមអំណាចដ៏យូររវាងកងទ័ពជាតិស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ា (RSF) បានផ្ទុះជាជម្លោះកាលពីថ្ងៃទី១៥មេសា។
កងកម្លាំងគាំទ្ររហ័សប៉ារ៉ា បាននិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់ផ្លូវការ ដែល បានផុតសុពលភាពកាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃអាទិត្យ នឹងត្រូវបន្ថែមពេលវេលារយៈពេល៧២ម៉ោងបន្ថែមទៀត តបតាមការអំពាវនាវរបស់អន្តរជាតិ តំបន់និងក្នុងស្រុក។ ពុំមានការអត្ថាធិប្បាយភ្លាមៗទេ ពីភាគីកងទ័ពស៊ូដង់។
ភាគីទាំង២បានបន្តការប្រយុទ្ធគ្នា ទោះជាមានបទឈប់បាញ់បន្តបន្ទាប់ ធ្វើឡើងដោយក្រុមអ្នកសម្របសម្រួល រួមទាំងសហរដ្ឋអាមេរិក។

អ្នកយកសារព័ត៌មាន Reuters ម្នាក់បាននិយាយថា ស្ថានភាពនៅក្នុងទីក្រុងកាទូម ជាទីដែលកងទ័ពកំពុងប្រយុទ្ធជាមួយកងម្លាំងគាំទ្ររហ័សប៉ារ៉ា ឡោមព័ទ្ធតំបន់ប្រជាពលរដ្ឋរស់នៅ បានស្ងៀមស្ងាត់កាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីបានលឺការប៉ះទង្គិចគ្នាយ៉ាងខ្លាំង កាលពីល្ងាចថ្ងៃសៅរ៍ ជិតចំណុចកណ្ដាលទីក្រុងនេះ៕