
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងបងប្អូន កម្មករខ្លះបញ្ឈប់សកម្មភាពស៊ីស្នួលធ្វើបាតុកម្មជាបន្ទាន់ ខណៈការធ្វើបែបនេះគឺមិនល្អនោះទេ ហើយក៏មិនមែនជាការបញ្ជាក់ថា ការគោរពសិទ្ធិមនុស្ស និងសិទ្ធិកម្មករនោះដែរ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា,បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រខេត្តព្រះសីហនុ និងខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន (១៩៥៣-២០២៣) នៅខេត្តព្រះសីហនុ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងជាសំនួរថា ហេតុអ្វីបានបងប្អូនមានលុយធ្វើបាតុកម្មអូសបន្លាយបានយូរ ខណៈខ្លួនជាកម្មករនោះ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់មិត្តភក្តិបរទេសមួយចំនួនដែលបានផ្តល់លុយសម្រាប់ឲ្យពលរដ្ឋខ្មែរ និងកម្មករមួយចំនួនធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនោះគប្បីត្រូវដកខ្លួនចេញ សូមកុំធ្វើអន្តរជាតិតូបនីយកម្មលើបញ្ហាបាតុកម្មនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា សហជីពមួយចំនួនដែលធ្វើសកម្មភាពនៅលើទឹកដីកម្ពុជា គឺបានយកលុយបរទេស ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសម្តេចក៏បានផ្តាំ ដល់សហជីពទាំងនោះកុំធ្វើឲ្យហួសហេតុពេក ខណៈទិវាសិទ្ធិពលកម្មអន្តរជាតិនេះក៏កុំឲ្យមានតែមួយថ្ងៃ គឺថ្ងៃទី១ ខែឧសភានេះ សូមឲ្យមានទិវាបែបនេះ និងការគោរពសិទ្ធិកម្មករចំនួន៣៦៥ថ្ងៃទើបវាត្រឹមត្រូវ៕អត្ថបទ៖ បាន ចក់