
ព្រះសីហនុ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការគោរពសិទ្ធិកម្មករមិនមែនមានតែមួយថ្ងៃ នៅថ្ងៃទី១ខែឧសភា នោះទេ ប៉ុន្ដែគឺត្រូវគោរពសិទ្ធិរបស់កម្មកររាល់ថ្ងៃពីម្ចាស់រោងចក្រសហគ្រាសនានា ពីព្រោះកម្មករ គឺជាអ្នកជួយរកចំណូលដល់ម្ចាស់រោងចក្រទាំងអស់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍បែបនេះក្នុងឱកាស អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្អន្តរជាតិ១ឧសភា, ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រនៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន នៅចំណតកំពង់ផែស្វយ័ត ក្រុងព្រះសីហនុនាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ។
សម្ដេចតេជោ បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី១ ខែឧសភា សម្ដេចតែងតែអញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្អន្តរជាតិ១ឧសភា នៅទីតាំងកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ ដើម្បីសំណេះសំណាលតំណាងឱ្យកម្មការ កម្មការិនីនៅទូទាំងប្រទេសកម្ពុជា ពីព្រោះសម្ដេចមិនអាចអញ្ជើញទៅគ្រប់រោងចក្ររាប់ពាន់ រោងចក្រនៅទូទាំងប្រទេសក្នុងថ្ងៃនេះបានទេ។
តាមរយៈសាលិខិតរបស់សម្ដេចតេជោ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារដែលមានប្រាក់ចំណូលខ្ពស់។ បន្តពង្រឹងប្រសិទ្ធភាពនៃយន្តការសម្របសម្រួលទីផ្សារការងារ តាមរយៈការពង្រីកវិសាលភាព នៃការផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបានបង្កើនមជ្ឈមណ្ឌលការងារ និងមជ្ឈមណ្ឌលការងារចល័តបានដាក់ឱ្យអនុវត្តផ្ទាល់ឌីជីថលសេវាការងារ ព្រមទាំងរៀបចំ វេទិកាការងារ ថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន ដោយបានផ្ដល់ សេវាជួយស្វែងរកការងារ និងប្រឹក្សាការងារ។ ខណៈអត្រាមានការងារធ្វើនៅកម្ពុជាបច្ចុប្បន្នមានចំនួន ៩៩,៣%៕
អត្ថបទ៖ វ៉ន ដារ៉ា