ភ្នំពេញ៖ ខណៈនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ស្អែកនេះ គឺជាការប្រកួតបាត់ទាត់បុរស រវាងកម្ពុជា និងហ្វីលីពីន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នោះ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ គេសង្គេតឃើញថា ប្រជាពលរដ្ឋក្មេងចាស់ រួមទាំងយុវជនយុវតីជាច្រើនដែលសុទ្ធសឹងជាអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ បាននាំគ្នាសម្រុកទៅទទួលយកការចែកជូនសំបុត្រចូលរួមទស្សនាដោយឥតគិតថ្លៃ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
ក្រុមអ្នកគាំទ្រ បង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះការមកទទួលសំបុត្រនៅពេលនេះ ទោះសំបុត្រមានចំនួនកំណត់ ហើយពួកគាត់អាចទទួលបាន ឬមិនបានក៏ដោយ ក៏ពួកគាត់នៅតែពេញចិត្តគាំទ្រលើកទឹកចិត្តដល់កីឡាករកម្ពុជាជានិច្ច ។ ពួកគាត់រីករាយពេលបានទស្សនានៅពហុកីឡដ្ឋានដោយផ្ទាល់ ព្រោះបានចូលរួមទស្សនាជាមួយបងប្អូនជាអ្នកគាំទ្រជាច្រើនម៉ឺននាក់ និងបានជួយស្រែកហូរកញ្ច្រៀវ អោយកីឡាកររបស់យើង មានទឹកចិត្តមុតមាំខ្ពស់ ក្នុងការព្យាយាមយកជ័យជំនះជាមួយដៃគូរប្រកួតរបស់ខ្លួន នៅថ្ងៃស្អែកនេះ ។
ពួកគាត់ ក៏បានបង្ហាញអារម្មណ៍មោទកភាពបំផុត ចំពោះកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រារព្ធព្រឹត្តិការណ៍ស៊ីហ្គេមនេះឡើង ដែលជាព្រឹត្តិការណ៍មហាអាស្ចារ្យ និងជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសជាតិរបស់យើង ។
សូមបញ្ជាក់ថា សំបុត្រសម្រាប់ចែកជូនពលរដ្ឋក្រុមអ្នកគាំទ្រ នៅព្រឹកនេះ គឺមាន២ម៉ឺនសន្លឹក ហើយក៏ត្រូវចែកជូនពលរដ្ឋអស់ផងដែរ គិតត្រឹមម៉ោង១០ព្រឹកថ្ងៃខែដដែលនេះ ខណៈដែលចំនួនសំបុត្រត្រូវអស់ក៏ដោយ ប៉ុន្តែចំនួនអ្នកគាំទ្រ ក៏នៅតែព្យាយាមចូលទៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកផងដែរ ដើម្បីចង់ដឹងពីព័ត៌មានជាក់លាក់ថា អស់សំបុត្រពិតប្រាកដ ឬនៅ ?
សូមបញ្ជាក់បន្ថែមថា នៅសល់តែ០៤ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ក៏នឹងចូលមកដល់ ពោលគឺ ចាប់ផ្ដើមបើកនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ ។ មហាព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យ និងជាប្រវត្តិសាស្ត្រមួយនេះ រាជរដ្ឋាភិបាល ចំណាយថវិកាអស់ ១១៨លានដុល្លារ ដើម្បីរៀបចំឡើង នឹងបានត្រៀមកម្លាំងប្រមាណ ១៥០០០នាក់ ក្នុងការថែររក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈផងដែរ ៕ អត្ថបទ ៖ លីហេង & កុម្ភះ





