
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្រាប់ការធ្វើទំនាក់ទំនងជាមួយបណ្ដាប្រទេសនានានៅលើភិភពលោក បើប្រទេសទាំងនោះចង់ឱ្យកម្ពុជាគាំទ្រគឺត្រូវប្រកាន់ភ្ជាប់នូវចំណុចសំខាន់ចំនួន៣ទាក់ទងនឹងការរក្សាសន្ដិភាព និងការអភិវឌ្ឍជាគោល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍បែបនេះក្នុងឱកាស អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧នៃទិវាពលកម្អន្តរជាតិ១ឧសភា, ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រនៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន នៅចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុនាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ។
សម្ដេចតេជោ បានបញ្ជាក់ថា ក្នុងនាមកម្ពុជាជាប្រទេសសមាជិកអាស៊ានមិនមែនចេះតែគាំទ្រប្រទេសផ្សេងៗនោះទេ គឺត្រូវការប្រទេសទាំងនោះបែរមកគាំទ្រប្រទេសអាស៊ានទៅវិញផងដែរ ស្របតាមនយោបាយការបរទេសកម្ពុជា គឺនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់។
សម្ដេចតេជោ បានបញ្ជាក់ថា រាល់គំនិតផ្គួចផ្ដើមទាំងអស់ត្រូវធានាចំណុចសំខាន់ទាំង៣យ៉ាងនេះ បើមិនអាចធានានូវចំណុចសំខាន់ទាំង៣យ៉ាងនេះទេ កម្ពុជានឹងមិនចូលរួម និងគាំទ្រជាមួយប្រទេសទាំងនោះឡើយ។
សូមបញ្ជាក់ថា ក្នុងនាមប្រទេសសមាជិកអាស៊ាន សម្ដេចបានស្វាគមន៍រាល់គំនិតផ្តួចផ្តើមពីដៃគូខាងក្រៅ ដែលមានគោលបំណងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ជាងនេះទៅទៀត គំនិតផ្តួចផ្តើមទាំងនោះ ត្រូវតែស្របតាមធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយមិនត្រូវប្រើប្រឆាំងនឹងភាគីផ្សេងទៀត ឬប្រើជាឧបករណ៍សម្រាប់ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចនោះទេ៕
អត្ថបទ៖ វ៉ន ដារ៉ា