វាយកូនគោល៖ ការប្រកួតកីឡាវាយកូនគោលដណ្ដើមពានរង្វាន់ “សម្ដេចពិជ័យសេនា ទៀ បាញ់” ឆ្នាំ២០១៩ បានបញ្ចប់ដោយជោគជ័យអមជាមួយផ្លែផ្កាមួយចំនួន ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេល ១ថ្ងៃកាលពីថ្ងៃទី២៨ ខែកក្កដា ក្រោមការរៀបចំរបស់សហព័ន្ធកីឡាវាយកូនគោលកម្ពុជា។
ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះគេឃើញមានប្រមុខថ្នាក់ដឹកនាំ រដ្ឋមន្ត្រី ឯកអគ្គរាជទូត-រដ្ឋទូត និងកីឡាករ-កីឡាការិនីជាតិ-អន្តរជាតិជាច្រើន ពិសេសគឺទទួលបានការផ្ដល់កិត្តិយសអញ្ជើញចូលរួមប្រកួត ពីសំណាក់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា។ ឯកឧត្ដម ជា បូរ៉ា អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជាបានបញ្ជាក់ថា ពានរង្វាន់សម្ដេចពិជ័យសេនា ទៀ បាញ់ ឆ្នាំនេះមានថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិចូលរួមសរុប ២១២នាក់ ក្នុងនោះក៏មានវត្តមានកីឡាករជម្រើសជាតិរបស់សហព័ន្ធ បានចូលរួមប្រកួតប្រជែងដើម្បីជំរុញការអភិវឌ្ឍសមត្ថភាព ត្រៀមចូលរួមការប្រកួតអន្តរជាតិនានាផងដែរ។
ឯកឧត្ដមបន្ដថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការប្រកួតប្រជែង រឹតចំណងមិត្តភាព សាមគ្គីភាពនោះទេ ពោលគឺចំណេញក្នុងការផ្សព្វផ្សាយអំពីកីឡាទេសចរណ៍ និងជំរុញការអភិវឌ្ឍវិស័យកីឡានេះឲ្យរីកចម្រើនផងដែរ ស្របពេលសហព័ន្ធកំពុងកសាងសមត្ថភាព និងគុណផលកីឡាឲ្យបានរឹងមាំ ស្របតាមផែនការ និងយុទ្ធសាស្ត្រ ៤ឆ្នាំរំកិលរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីសម្រួចទិសដៅស៊ីហ្គេមឆ្នាំ២០២៣។ ចំពោះលទ្ធផលការប្រកួតសម្រាប់វិញ្ញាសាជាក្រុមបុរស ជើងឯកបានទៅក្រុមឯកឧត្ដម ប៉ុល សារឿន ជាមួយកីឡាករ អ៊ុក ប្រាថ្នា និងកីឡាករ អ៊ុក ក្មួច ខណៈជើងឯករងបានទៅក្រុមឯកឧត្ដម មួន សារ៉ន ជាមួយលោក ភូ ផារិទ្ធ និងលោក ហម វ៉ាន់ថា និងលេខ៣ បានទៅក្រុមឯកឧត្ដម មាស សាវ៉ន ជាមួយលោក ផន ណារ៉ា និងលោក សោម បូរីរក្ស។
រីឯវិញ្ញាសាឯកត្តជនបុរសប្រភេទទី១ ជើងឯកបានទៅកីឡាករ ស សិទ្ធិ ខណៈជើងឯករងកីឡាករ ឈិន ចាន់សង្ហា និងលេខ៣ កីឡាករ នី លីស្រ៊ាង។ ចំណែកវិញ្ញាសាឯកត្តជនបុរសប្រភេទទី២ ជើងឯកកីឡាករ ថោង សុខខាំភូ, ជើងឯករងកីឡាករ ឈុំ សំបូរ និងលេខ៣ កីឡាករ ជុំ សំអាន។ ឯវិញ្ញាសាឯកត្តជននារីប្រភេទទី១ ជើងឯកបានទៅកីឡាការិនី Kann Cong និងជើងឯករងកីឡាការិនី Chenny Ly គ្រាដែលវិញ្ញាសាឯកត្តជននារីប្រភេទទី២ ជើងឯកបានទៅកីឡាការិនី វេង សំបូរ និងជើងឯករងកីឡាការិនី ពៅ ចាន់ណា៕



