ឥណ្ឌា៖ កាលពីរយៈពេល ២សប្តាហ៍មុន នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារ៉េនដ្រា ម៉ូឌី បានអំពាវនាវឲ្យរដ្ឋពិចារណាតែការបិទប្រទេស ជាជម្រើសចុងក្រោយប៉ុណ្ណោះ។ បច្ចុប្បន្នអ្នករាល់គ្នា តាំងពីសម្ព័ន្ធមិត្តនយោបាយរហូតដល់មេដឹកនាំជំនួញធំៗ និងទីប្រឹក្សាសុខភាពជាន់ខ្ពស់របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន យល់ឃើញថា ការបិទប្រទេសគឹជាជម្រើសតែមួយគត់ ដើម្បីបញ្ឈប់ការរីករាដាលឆ្លងជំងឺ COVID-19 ដ៏អាក្រក់បំផុតនៅលើពិភពលោកមួយនេះ។

ការជជែកគ្នាមានភាពស្មុគស្មាញខ្លាំង ដោយសារចំណាត់ការបិទប្រទេសកាលពីឆ្នាំមុនរបស់លោក ម៉ូឌី ធ្វើឡើងដោយគ្មានការព្រមានធ្វើឲ្យមានវិបត្តិមនុស្សធម៌កើតឡើង ស្របពេលដែលក្រុមកម្មករចំណាកស្រុក ធ្វើដំណើរដោយថ្មើរជើងទៅកាន់តំបន់ជនបទ។ ស្របពេលដែលលោក ម៉ូឌី ចង់បញ្ចៀសផុតពីការរិះគន់ម្តងទៀត ជាពិសេសក្រោយគណបក្សប្រជាជនឥណ្ឌារបស់លោក មិនបានឈ្នះការបោះឆ្នោតនៅរដ្ឋបឹងហ្គាល់ខាងលិច ពេលដែលរាប់សន្លឹកឆ្នោតរួចកាលពីថ្ងៃអាទិត្យនោះ រដ្ឋជាច្រើនដែលគ្រប់គ្រងដោយគណបក្សរបស់លោក មិនអើពើនឹងសេចក្តីណែនាំរបស់លោក។
លោកស្រី កាធឺរីន ប្ល៊ីស អ្នកជំនាញជំងឺឆ្លង និងជាអ្នកឯកទេសសុខភាពសកលនៅសាលាពេទ្យស្តេនហ្វ័ដ ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន គឺការរៀបរាប់ខុសថា វាគឺជាការបិទប្រទេសទាំងស្រុក ដែលស្មើនឹងគ្រោះមហន្តរាយសេដ្ឋកិច្ច ឬមិនបិទប្រទេសធ្វើឲ្យមានគ្រោះមហន្តរាយសុខភាពសាធារណៈបែបនេះ៕
អត្ថបទ៖ សារ៉ាត់