គុយបា៖ រដ្ឋាភិបាលកុម្មុយនីសប្រទេសគុយបា បានលុបចោលការដង្ហែរក្បួនទិវាពលកម្មតាមទម្លាប់នៅថ្ងៃចន្ទនេះ ដោយសារតែកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ។ ជារៀងរាល់ឆ្នាំ ប្រជាជនរាប់សែននាក់ មកពីទូទាំងកោះ ចូលមកកាន់ទីលានបដិវត្តន៍ ទីក្រុងឡាហាវ៉ាន នៅថ្ងៃទិវាពលកម្មអន្តរជាតិ។
នេះជាលើកទី១ហើយ ចាប់តាំងពីការធ្វើបដិវត្តន៍ឆ្នាំ១៩៥៩ ដែលការប្រារព្ធពិធីត្រូវបានលុបចោលសម្រាប់ហេតុផលសេដ្ឋកិច្ច។
ការតម្រង់ជួរដ៏វែងក្នុងរយៈពេលច្រើនសប្តាហ៍ថ្មីៗនេះ បានកើតមានឡើងនៅតាមស្ថានីយប្រេងឥន្ធនៈ ដោយអ្នកបើកបរតែងតែរង់ចាំរយៈពេលជាច្រើនថ្ងៃ។ កាលពីដើមខែរនេះ ប្រធានាធិបតីលោក Miguel Diaz-Canel បាននិយាយថា ប្រទេសគុយបា ទទួលបានប្រេងឥន្ធនៈ២ភាគ៣ ដែលប្រទេសនេះត្រូវការ ហើយក្រុមហ៊ុនផ្គត់ផ្គង់ពុំបានបំពេញកាតព្វកិច្ចតាមកិច្ចសន្យានោះទេ។ ខណៈប្រទេសគុយបា បានទទួលប្រេងឆៅក្នុងបរិមាណទាប ប្រទេសកោះដែលរងទណ្ឌកម្មពីសហរដ្ឋអាមេរិកមួយនេះ ខ្វះខាតមធ្យោបាយដើម្បីដំណើរការ។ ការដឹកជញ្ជូនប្រេងឆៅមានគុណភាពខ្ពស់ពីប្រទេសវ៉េណេហ្ស៊ុយអេឡា ដែលជាប្រទេសផ្គត់ផ្គង់ប្រេងធំបំផុតរបស់ប្រទេសគុយបា បានធ្លាក់ចុះ៥០ភាគរយក្នុងបណ្តាឆ្នាំថ្មីៗនេះ។ អ្នកវិភាគនិយាយថា ប្រទេសវ៉េណេហ្ស៊ុយអេឡាខ្លួនឯងក៏កំពុងជួបប្រទះបញ្ហាធ្ងន់ធ្ងរនិងស្វែងរកយ៉ាងលំបាកសម្រាប់ការឧបត្ថមធនដល់សម្ព័ន្ធមិត្តសង្គមនិយមរបស់ខ្លួន។
កង្វះខាតបែបនេះ បានបន្ថែមសម្ពាធប្រចាំថ្ងៃ ដែលប្រជាជនគុយបាបានជួបប្រឈម។ យោងតាមសារព័ត៌មាន El Pais របស់អេស្ប៉ាញ បានឲ្យដឹងថា ប្រាក់បៀរវត្សរ៍ប្រចាំខែធម្មតា មានចំនួន១៥០ ទៅ២០០ ដុល្លារ ខណៈប្រេងឆាក្នុងមួយលីត្រ មានតម្លៃ៣០ដុល្លារ។ រដ្ឋាភិបាល បានទទូចថា គំរូបែបសង្គមនិយមដែលជំរុញដោយរដ្ឋគឺល្អបំផុតសម្រាប់ប្រទេសដីកោះមួយនេះ និងបានដាក់កំហុសបញ្ហាទាំងអស់លើទណ្ឌកម្មជាយូររបស់សហរដ្ឋអាមេរិក៕


