តាកែវ៖ ប្រធានសមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវ នឹងចងក្រងកសិករដែលចិញ្ចឹមបង្កទាំងអស់នៅខេត្តតាកែវ ដើម្បីរួមសហការពង្រឹកការចិញ្ចឹមបង្កងតាមបែបធម្មជាតិ ខណៈមុខរបរនេះអាចជួយដល់កសិកររកចំណូលបានសមរម្យ និងរួមគ្នា ពង្រីកការចិញ្ចឹមបង្កងខេត្តតាកែវឲ្យកាន់បានកាន់តែខ្លាំងក្លា សម្រាប់ការផ្គត់ផ្គង់ចូលទីផ្សារក្នុងស្រុក និងឈានទៅរកការនាំចេញ។
លោក សាប់ សារុន ប្រធានសមាគមអជីវករបង្កងទឹកសាបខេត្តតាកែវ លើកឡើងនៅថ្ងៃទី ៣០ខែមេសា ឆ្នាំ២០២៣នេះថា បច្ចុប្បន្នខេត្តតាកែវ មានកសិករចិញ្ចឹមបង្កងប្រហែលជាង១០គ្រួសារ នៅក្នុងតំបន់ផ្សេងៗគ្នា។
ដើម្បីជំរុញការចិញ្ចឹមបង្កងឲ្យបានកាន់តែខ្លាំងក្លាថែមទៀត លោកមានផែនការគៀងគរដល់កសិករចិញ្ចឹម នៅក្នុងខេត្តតាកែវទាំងអស់ ឲ្យចូលជាសមាគម ដើម្បីរួមគ្នាពង្រីកចិញ្ចឹមបង្កងឲ្យបានកាន់តែច្រើនសម្រាប់ផ្គត់ផ្គង់បង្កងចូលទីផ្សារ ឬការនាំចេញ នៅពេលអនាគត ខណៈបង្កងខេត្តតាកែវ មានឈ្មោះបោះសំឡេងល្បីល្បាញតាំងពីរយូរយាណាស់មកហើយ។
លោក សាប់ សារុន បានបញ្ជាក់ឲ្យដឹងថា នាពេលកន្លងមកនេះ មានមន្រ្តីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនជាពិសេសឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះដល់មូលដ្ឋានចិញ្ចឹមបង្កងរបស់លោក បានណែនាំ និងផ្តល់នូវបទពិសោធន៍ទាក់ទងនិងការចិញ្ចឹម និងបញ្ហាទីផ្សារមួយចំនួន ក្នុងគោលដៅជំរុញការចិញ្ចឹមបង្កងឲ្យមានការរីកចម្រើន។
លោក បានបន្តឲ្យដឹងទៀតថា នាពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម ក៏បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្របង្កងខេត្តតាកែវ ដែលប្រការទាំងនេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងគោលដៅលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន ក្នុងការពង្រឹកនូវមុខរបរការចិញ្ចឹមបង្កងឲ្យកាន់តែខ្លាំងក្លា សម្រាប់ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានទៅរកការនាំចេញ៕អត្ថបទ៖ សុន រ៉ាឌី