កាលពីថ្ងៃអាទិត្យ (៣០ មេសា) ក្រុមអ្នកការពារបរិស្ថាន បានតវ៉ាប្រឆាំងនឹងការសាងសង់គម្រោងរថភ្លើងដ៏ធំមួយនៅឧបទ្វីប Yucatan របស់ប្រទេសម៉ិកស៊ិក ដោយពួកគេជឿថា គម្រោងនោះនឹងនាំមកនូវការបំផ្លិចបំផ្លាញដល់បណ្ដារូងភ្នំក្រោមទឹកបុរាណ និងសត្វព្រៃក្នុងតំបន់ជុំវិញនោះ។

ក្រុមអ្នកតវ៉ាបានឈរនៅខាងក្រៅ Dama Blanca cenote ឬល្អាងក្រោមទឹក ជាកន្លែងដែលផ្នែកនៃផ្លូវរថភ្លើងម៉ាយ៉ានឹងឆ្លងកាត់ ដោយគ្រវីស្លាកសញ្ញា និងបដាក្រណាត់ធំសរសេរថា "ការបំផ្លិចបំផ្លាញបរិស្ថានដោយចេតនា" ។ ក្រុមបាតុករបានចោទរដ្ឋាភិបាលថា មានគម្រោងចាក់ស៊ីម៉ងត៍បំពេញល្អាងភ្នំតូចៗ ក្នុងអំឡុងពេលសាងសង់រថភ្លើង។ កាលពីឆ្នាំ ២០២២ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានសន្យាថានឹងមិនមានការកាប់ព្រៃឈើទៀតទេ ហើយល្អាងភ្នំតូចៗនឹងមិនរងផលប៉ះពាល់ក្នុងអំឡុងពេលសាងសង់ផ្លូវរថភ្លើងនេះដែរ ។

រថភ្លើងម៉ាយ៉ា គឺជាគម្រោងដ៏សំខាន់មួយរបស់លោក Lopez Obrador ដោយរដ្ឋាភិបាលរបស់លោកអះអាងថា នឹងជួយនាំមកនូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ដល់តំបន់ក្រីក្រនៅភាគខាងត្បូងនៃប្រទេសនេះ។
កំណាត់ផ្លូវប្រវែង ១.៤៧០ គីឡូម៉ែត្រ (៩១០ ម៉ាយ) ត្រូវបានកំណត់ដាក់ឲ្យដំណើរការរថភ្លើងដើរដោយប្រេងម៉ាស៊ូត និងអគ្គិសនីឆ្លងកាត់ព្រៃ ហើយភ្ជាប់គោលដៅទេសចរណ៍ដ៏សំខាន់បំផុតរបស់ម៉ិកស៊ិក Cancun ទៅកាន់ប្រាសាទបុរាណ Mayan នៃទីក្រុង Chichen Itza និង Palenque ។ ប៉ុន្តែក្រុមអ្នកជំនាញ និងអ្នកស្រុកបារម្ភថា គម្រោងនេះពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញតំបន់ធម្មជាតិនានា ហើយការអភិវឌ្ឍរមណីយដ្ឋាននឹងបម្លាស់ទីជនជាតិដើមភាគតិចម៉ាយ៉ាន ព្រមទាំងសហគមន៍ជនបទចេញពីទឹកដីកំណើតរបស់ពួកគេ។
