
ម៉ានីល៖ ការដាច់ចរន្តអគ្គិសនីដែលមិនអាចពន្យល់បាននៅថ្ងៃចន្ទ (១ ឧសភា)នេះ នៅស្ថានីយទី ៣ នៃអាកាសយានដ្ឋានក្នុងទីក្រុងម៉ានីល បានធ្វើឱ្យជើងហោះហើរក្នុងស្រុកប្រហែល ៤០ ជើងរបស់ក្រុមអាកាសចរណ៍Cebu Pacific ត្រូវបានលុបចោល។
អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយមិនបង្ហាញពីមូលហេតុនៃការដាច់ចរន្តអគ្គិសនីថា "ការពន្យារពេលជើងហោះហើរ ត្រូវរំពឹងទុកដោយសារតែការដាច់ចរន្តអគ្គិសនី" ។
ប្រតិបត្តិករអាកាសយានដ្ឋាន និងអ្នកផ្គត់ផ្គង់ក្រុមហ៊ុនអគ្គិសនី Manila Electric Company កំពុងស្វែងរកមូលហេតុនៃការដាច់ចរន្តអគ្គិសនី ដែលកើតឡើងក្នុងរដូវកាលធ្វើដំណើរដ៏ខ្ពស់បំផុត ដោយមានប្រជាជនហ្វីលីពីនជាច្រើននាក់ ហៀបនឹងត្រឡប់ទៅលំនៅឋានវិញបន្ទាប់ពីដំណើរកម្សាន្តរយៈពេលបីថ្ងៃនៅចុងសប្តាហ៍។
ការិយាល័យរបស់លោកប្រធានប្រធានាធិបតី Ferdinand Marcos Jr បាននិយាយថា លោកបានបញ្ជាឱ្យមន្ត្រីក្រសួងដឹកជញ្ជូន លោកJaime Bautista ស្តារប្រតិបត្តិការថាមពលត្រឡប់ទៅរកសភាពធម្មតាវិញ នៅឯស្ថានីយទី៣ របស់ព្រលានយន្តហោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈពេលផ្តល់ជំនួយដល់ក្រុមអ្នកដំណើរដែលរងផលប៉ះពាល់៕
