
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្ដាំផ្ញើទៅមិត្តភក្កិបរទេសម៉ាឡេស៊ីដែលសម្តេចបានឃើញការចុះផ្សាយរបស់ការសែតជាភាសាចិនមួយនៅឯប្រទេសម៉ាឡេស៊ីដែលបង្ហាញអំពីការព្រួយបារម្ភនានា ជាពិសេសពាក់ព័ន្ធនឹងការស្នាក់នៅនិងម្ហូបអាហារសម្រាប់ឥស្លាមទទួលទាន។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងផ្តាំទៅមិត្តភក្តិម៉ាឡេស៊ីកុំឱ្យមានការព្រួយបារម្ភចំពោះបញ្ហាបែបនេះខណៈអញ្ជើញក្នុងពិធីសំណេះ សំណាលជាមួយប្រតិភូកីឡាកម្ពុជាចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ឆ្នាំ ២០២៣នៅព្រះរាជាណាចក្រកម្ពុជានាវិមានសន្តិភាពនារសៀលថ្ងៃទី១ ឧសភានេះ។
សម្ដេចបានមានប្រសាសន៍ថា ការចុះផ្សាយរបស់សារព័ត៌មានជាភាសាចិននោះ ទោះបីយ៉ាងណាមិនមាននិយាយអ្វីអាក្រក់ពេកទេ ដូចជាគេថាពេលប្រតិភូមកដល់មានការផ្លាស់ប្តូរសណ្ឋាគារ និងបង្ហាញការព្រួយបារម្ភលើបញ្ហាចរាចរឬម្ហូបទទួលទានជាដើមនោះ សម្តេច ក៏បានគូសបញ្ជាក់ដោយស្នើឱ្យមានការយកចិត្តទុកដាក់ពាក់ព័ន្ធនឹងម្ហូបហាល់ឡាល់។
សម្តេចតេជោ ក៏បានលើកឡើងពីការដែលពួកគាត់ព្រួយបារម្ភពី បញ្ហាកកស្ទះចរាចរណ៍ដែលនាំឲ្យរាំងស្ទះដល់ដំណើរការដឹកនាំកីឡាទៅចូលរួមការប្រកួតជាដើម សម្ដេចក៏បានប្រកាសជូនទៅអ្នកសារព័ត៌មានជាភាសាចិននៅម៉ាឡេស៊ីនោះថា កម្ពុជាបានត្រៀមរួចរាល់ការដឹកជញ្ជូនគឺមិនចាំបាច់ខ្វល់អំពីបញ្ហាស្ទះចរាចរណ៍ទេ។
សម្តេចថា ប្រទេសខ្មែររបស់យើងខ្ញុំ គឺច្បាស់លាស់ណាស់លើបញ្ហានេះ ដោយមិនត្រឹមតែម៉ូតូនាំមុខទេ សម្តេចបានមានប្រសាសន៍ ដោយសំណើចថាចង់យករថក្រោះនាំមុខក៏បានដែរ។ដូច្នេះគឺត្រូវស្គាល់ខ្មែរឲ្យបានច្បាស់បន្តិច ព្រោះថា រឿងនេះអត់មានអីជាចំណោទឡើយ ហើយ ប្រជាជននៅទីក្រុងភ្នំពេញនេះគឺមានភាពថ្លៃថ្នូរណាស់។ យ៉ាងណាមិញដូចកាលប្រជុំ កំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធកន្លងទៅនេះគ្មានគណៈប្រតិភូណាមួយស្ទះចរាចរណ៍ ដោយសារការកកស្ទះចរាចរណ៍នោះទេ។ ដូច្នេះសូមអ្នកសារព័ត៌មានកាសែតចិនរបស់ម៉ាឡេស៊ីគប្បីធ្វើការកែតម្រូវ៕



