
សេចក្តីស្នើច្បាប់កាលពីពេលថ្មីៗ ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលចក្រភពអង់គ្លេសដើម្បីទប់ស្កាត់ការឆ្លងកាត់ព្រំដែនដោយខុសច្បាប់ បានជំរុញឲ្យមានការរិះគន់ជាច្រើន ខណៈប្រទេសនេះបិទផ្លូវអ្នកស្វែងរកសិទ្ធជ្រកកោនក្នុងចំនួនដ៏ច្រើន។ ទីក្រុង Calais ជាទីក្រុងឆ្នេរសមុទ្រនៅប្រទេសបារាំងភាគពាយព្យ ក្លាយជាកំពង់ផែសម្រាប់ជនភៀសខ្លួន និងជនអន្តោប្រវេសន៍ខុសច្បាប់ ដើម្បីធ្វើដំណើរដោយនាវាចម្លងចូលទៅកាន់ចក្រភពអង់គ្លេស ជាការឆ្លងកាត់សមុទ្រក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។
យោងតាមអង្គការ L'Auberge des Migrants ជាអង្គការក្រៅរដ្ឋាភិបាលបារាំង បានឲ្យដឹងថា ជនអន្តោប្រវេសន៍ភាគច្រើន នៅក្នុងទីក្រុង Calais ត្រូវរស់នៅក្នុងតង់បង្កើតឡើងភ្លាមៗ ទោះបីជាមានខ្យល់ត្រជាក់ក៏ដោយ ដោយសង្ឃឹមថានឹងទទួលបានការតាំងលំនៅក្នុងចក្រភពអង់គ្លេស។ ទោះជាយ៉ាងណា យោងតាមសេចក្តីស្នើច្បាប់ចុងក្រោយនេះដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលអង់គ្លេស ប្រជាជនទាំងអស់ ដែលចូលមកចក្រភពអង់គ្លេសតាមរយៈមធ្យោបាយដែលមិនត្រូវបានអនុញ្ញាតនឹងត្រូវបានហាមឃាត់មិនឲ្យស្នើសុំសិទ្ធជ្រកកោនឡើយ។ ពួកគេនឹងត្រូវបានឃុំខ្លួនដោយរដ្ឋាភិបាលអង់គ្លេស ហើយនឹងត្រូវនិរទេសត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ ឬផ្ទេរទៅកាន់ប្រទេសទី៣ ដូចជាប្រទេសរ្វ៉ាន់ដាជា ដើម។ ដោយមានគោលនយោបាយថ្មីនៅលើរបៀបវារៈ អនាគតនៃអ្នកស្វែងរកសិទ្ធជ្រកកោនក្នុងទីក្រុង Calais នឹងជួបភាពមិនច្បាស់លាស់។
ទ្វីបអឺរ៉ុប តែងតែជាគោលដៅសំខាន់សម្រាប់អ្នកស្វែងរកសិទ្ធជ្រកោនមកពីតំបន់ជួបភាពវឹកវរ។ លំហូរនៃក្រុមជនភៀសខ្លួនដ៏ច្រើនបានមកកាន់ទីក្រុង Calais ជារៀងរាល់ឆ្នាំ ដោយសង្ឃឹមសម្រាប់ឱកាសឆ្លងកាត់សមុទ្រ៕
