ភ្នំពេញ៖ គិតត្រឹម ខែធ្នូ ឆ្នាំ២០២២ អ្នកផ្ទុកមេរោគអេដស៍ ៦៤.៩៣១នាក់ កំពុងទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ហើយវាប្រែថា ៩៩% នៃអ្នកផ្ទុកមេរោគអេដស៍ ដែលដឹងពីស្ថានភាពរបស់ពួកគេកំពុងទទួលបានការព្យាបាល ហើយ ៩៨% នៃអ្នកផ្ទុកមេរោគអេដស៍លើការព្យាបាលត្រូវបានកាត់បន្ថយមេរោគ មកកម្រិតទាបបំផុត។
ការថ្លែងរបស់ឯកឧត្តម បណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស យ៉ាងដូច្នេះ កិច្ចប្រជុំនៃក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី៤ ឆ្នាំ២០២៣, នាព្រឹកថ្ងៃទី២៨ ខែមេសានេះ ក្នុងកិច្ចប្រជុំទទួលបានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាបច្ចេកទេស ដែលអញ្ជើញមកពីក្រសួង ស្ថាប័ន រាជធានី-ខេត្ត ជាសមាជិកអាជ្ញាធរជាតិ តាមរយៈការចូលរួមកិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ។
ឯកឧត្តមបណ្ឌិត អគ្គលេខាធិការ បានបញ្ជាក់ថា៖ ការប៉ាន់ប្រមាណថាមានអ្នកឆ្លងមេរោគអេដស៍ថ្មីចំនួន១.៤០០នាក់ (១.២០០-១.៥០០) ក្នុងឆ្នាំ២០២២ ដែលមានន័យថាមនុស្សប្រហែល ៤នាក់ បានឆ្លងមេរោគអេដស៍ជារៀងរាល់ថ្ងៃ។ ការឆ្លងមេរោគអេដស៍ថ្មីត្រូវបានកាត់បន្ថយចំនួន៩១% ចាប់តាំងពីការរីករាលដាលនៃមេរោគអេដស៍ខ្ពស់បំផុតក្នុងឆ្នាំ១៩៩៦ ប៉ុន្តែល្បឿននៃការធ្លាក់ចុះបាននិងកំពុងធ្លាក់ចុះ ហើយមានការថយចុះតែ ៣៣% បើធៀបនឹងឆ្នាំ២០១០។
ការប៉ាន់ស្មានមេរោគអេដស៍ថ្មី បានបង្ហាញថាការកើនឡើងសមាមាត្រនៃការឆ្លងមេរោគអេដស៍ថ្មី គឺស្ថិតក្នុងចំណោមបុរស និងក្មេងប្រុស ពួកគេមានចំនួន ៧៩% នៃការឆ្លងមេរោគអេដស៍ថ្មីទាំងអស់ ក្នុងឆ្នាំ២០២២។
តាមចំនួនប្រជាជន ៨៣% នៃការឆ្លងមេរោគអេដស៍ថ្មីសរុបគឺស្ថិតក្នុងចំណោមប្រជាជនគន្លឹះ (បុគ្គលិកផ្នែកកម្សាន្តស្ត្រី បុរសរួមភេទជាមួយបុរស និងបុរសផ្សេងទៀតដែលរួមភេទជាមួយបុរស ស្ត្រីបំប្លែងភេទ អ្នកដែលប្រើ និងចាក់ថ្នាំញៀន និងដៃគូផ្លូវភេទរបស់ពួកគេ។
សមិទ្ធិផលរបស់ប្រទេសកម្ពុជា ត្រូវបានចាត់ទុកជាគំរូ ក្នុងការសម្រេចបានខ្ពស់បំផុតនូវអត្រាទទួលសេវាព្យាបាល និងអត្រាកាត់បន្ថយមេរោគមកកម្រិតទាបបំផុតក្នុងចំណោមអ្នកផ្ទុកមេរោគអេដ។
សកម្មភាពជាអាទិភាពដែលត្រូវផ្តោតជាសំខាន់ពីពេលនេះទៅមុខ គឺយើងត្រូវប្រឹងប្រែងរួមគ្នាបន្តទៀតក្នុងការសម្រេចឱ្យបាននូវគោលដៅ៩៥ ទី១ ដែលមកដល់ពេលឆ្នាំ២០២២នេះ កម្ពុជាយើងទើបសម្រេចបាន៨៦% តាមរយៈការផ្សព្វផ្សាយលើកទឹកចិត្តឱ្យអ្នកដែលសង្ស័យថាផ្ទុកមេរោគអេដស៍ ឱ្យមកធ្វើតេស្តរោគមេរោគអេដស៍ និងបង្កើនការអប់រំផ្សព្វផ្សាយបង្ការដើម្បីកាត់បន្ថយការឆ្លងថ្មីនៃមេរោគអេដស៍ជាពិសេសក្រុមប្រជាជនគន្លឹះ និងក្រុមយុវវ័យ។
តាមរយៈនៃកិច្ចប្រជុំនេះ លោកវេជ្ជបណ្ឌិត សំរិត សុវណ្ណរិទ្ធ អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) បានបង្ហាញពីលទ្ធផលនៃការប៉ាន់ប្រមាណករណីទាក់ទងមេរោគអេដស៍នៅឆ្នាំ២០២២ ដែលបានធ្វើការប៉ាន់ប្រមាណដោយក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA), NCHADS និងUNAIDS។
ដែលលទ្ធផលបានបង្ហាញដូចខាងក្រោម៖ នៅចុងឆ្នាំ២០២២ មនុស្សប្រមាណ ៧៦.០០០ (៦៣.០០០-៨៥.០០០) កំពុងផ្ទុកមេរោគអេដស៍ ហើយក្នុងនោះ ៧៤.០០០ (៦១.០០០-៨៣.០០០) ជាមនុស្សពេញវ័យដែលមានអាយុចាប់ពី១៥ ឆ្នាំឡើងទៅ និងប្រហែល ២.០០០ (១.៦០០-២.៤០០) កុមារ (០-១៤ ឆ្នាំ)។ ៨៦% នៃអ្នកផ្ទុកមេរោគអេដស៍ទាំងអស់បានដឹងពីស្ថានភាពមេរោគអេដស៍របស់ពួកគេ ហើយបានប៉ាន់ស្មានថាមនុស្ស ១១.០០០ មិនដឹងថាពួកគេកំពុងផ្ទុកមេរោគអេដស៍នៅឡើយ៕ អត្ថបទ រដ្ឋា