
ក្រុមកម្មករកូរ៉េខាងត្បូងរាប់ពាន់នាក់បានកាន់កាប់មហាវិថីមួយនៅកណ្តាលទីក្រុងសេអ៊ូលនៅថ្ងៃចន្ទ (១ ឧសភា)នេះ ដោយរៀបចំការជួបជុំដ៏ធំមួយនៅក្នុងទិវាពលកម្ម ដើម្បីទាមទារឱ្យមានការកែលម្អសិទ្ធិកម្មករ និងលក្ខខណ្ឌការងារឲ្យកាន់តែប្រសើរឡើង។
លោក Yang Kyung-soo មេដឹកនាំសហភាពសហជីពកូរ៉េ ដែលជាសហជីពធំមួយដឹកនាំការជួបជុំមានមនុស្សប្រហែល ៣០.០០០នាក់ចូលរួម បាននិយាយថា "យើងនឹងតស៊ូយ៉ាងខ្លាំងក្លាក្នុងការកែលម្អប្រព័ន្ធច្បាប់ ដើម្បីឱ្យគោលនយោបាយរបស់រដ្ឋាភិបាលធានាសិទ្ធិរបស់កម្មករ" ។
ក្រុមកម្មករក៏បានប្រកាសនៅឯការប្រមូលផ្តុំគ្នាពីផែនការរបស់ខ្លួនក្នុងការធ្វើកូដកម្មទូទៅនៅខែកក្កដា ដើម្បីរិះគន់គោលនយោបាយការងាររបស់រដ្ឋបាលប្រធានាធិបតីកូរ៉េខាងត្បូង លោកYoon Suk Yeol។
លោក Yoon អ្នកអភិរក្សនិយមដែលបានចូលកាន់តំណែងនៅឆ្នាំ ២០២២ បាននិយាយម្តងហើយម្តងទៀតថា រដ្ឋាភិបាលរបស់លោកនឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះទំនាក់ទំនងការងារនៅក្នុងប្រទេសដែលឧស្សាហកម្មមានបញ្ហារកាំរកូសយូរជាងគេបំផុតមួយនេះ៕

