ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រកាស និងប្រគល់ជូនគោរមងារកិត្តិយស«ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និង «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ ដោយសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ជូនសម្តេច និងគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោកជូនឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។
ពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ បរិវេណរូបសំណាកលោកយាយពេញ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
កត្តាសំខាន់ចំនួន៥នៃការផ្ដល់សញ្ញាបត្រ «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ពីសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ដល់សម្ដេចតេជោ ហ៊ុន សែន ។ តាមរយៈសុន្ទរកថារបស់តំណាងសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង នាព្រឹកថ្ងៃទី២ ខែឧសភានេះ បានឱ្យដឹងថា ការសម្រេចរបស់ក្រុមប្រឹក្សាភិបាលក្នុងការផ្ដល់សញ្ញាបត្របណ្ឌិតជូនសម្ដេចតេជោ ហ៊ុន សែន របស់ក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាសិក្សានៃសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង តាមរយៈសម័យប្រជុំពេញអង្គលើរបៀបវារៈមួយចំនួនដោយពិចារណាទៅលើការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកទៅលើហេតុផលដូចខាងក្រោម៖
ទី១ សម្ដេចតេជោ ហ៊ុន សែន បានលះបង់មួយជីវិតដើម្បីរំដោះប្រជាជនកម្ពុជាចេញពីយុគងងឹត ក្នុងអំឡុង ឆ្នាំ១៩១៥-១៩៧៩ និងសម្រេចបាននូវការកសាងសន្ដិភាព និងការបង្រួបបង្រួមជាតិ ធានាបាននូវការរីកចម្រើន ការផ្លាស់ប្ដូរជាវិជ្ជមាន និងការអភិវឌ្ឍជាបន្តបន្ទាប់នៅកម្ពុជា ធ្វើឱ្យកម្ពុជាមានមុខមាត់នៅលើឆាកអន្តរជាតិ។ អ្វីដែលសំខាន់ដូចគ្នានេះដែរ គឺសម្ដេចបានស្ដារឡើងវិញនូវរបបរាជានិយមនៅក្នុងប្រទេសកម្ពុជាប្រកបដោយជោគជ័យ និងការរស់ឡើងវិញនៃព្រះពុទ្ធសាសនា រួមជាមួយនឹងការដាក់ចេញ និងការអនុវត្តដោយជោគជ័យនូវកម្មវិធីកសាងជាតិដ៏មមាញឹកដូចជាការស្ដារ និងការស្ដារប្រទេសឡើងវិញក្រោយជម្លោះ និងការធ្វើសមាហរណកម្មប្រទេសជាងិទៅក្នុងពហុភាគី និងតំបន់ និងពិភពលោក ដែលធ្វើឱ្យប្រជាពលរដ្ឋមានសេរីភាពឡើងវិញ និងបានលើកតម្លៃប្រជាធិបតេយ្យឱ្យរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះ។ គោលនយោបាយឈ្នះ ឈ្នះ របស់សម្ដេច ពិតជាមានឥទ្ធិពលជាវិជ្ជមាន និងបានផ្ដល់ជាមេរៀន នៃភាពជាអ្នកដឹកនាំក្នុងការកសាងសន្ដិភាព។
ទី២ ក្នុងការដឹកនាំសម្ដេចបានពង្រឹងអភិបាលកិច្ច តាមរយៈកំណែទម្រង់ដែលនាំមកនូវផ្លែផ្កាជាច្រើន ហើយសម្ដេចបានផ្ដល់កម្លាំងរុញច្រានជាថ្មីដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ ការកសាងនីតិរដ្ឋ។ ផ្ដល់យុត្តិធម៌ រដ្ឋាភិបាលដែលផ្ដោតទៅលើតម្លៃសង្គម និងសេដ្ឋកិច្ច និងការផ្ដល់ឱកាសស្នើៗគ្នាជូនដល់ប្រជាជនកម្ពុជារួមទាំងប្រជាជនកម្ពុជានៅក្រៅប្រទេសផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺសម្ដេចបានបង្ហាញឱ្យឃើញថា សន្ដិភាពអាចសម្រេចបានតាមរយៈមធ្យោបាយសន្ដិវិធី ដូចជាការចរចា ប្រកបដោយភាពបើកចំហរ បរិយាបន្ន និងឈ្នះ ឈ្នះ និងតាមយៈការស្វែងយល់ឱ្យច្បាស់អំពីបញ្ហាជាតិ និងរកដំណោះស្រាយឱ្យបានសមស្រប។ ជាលទ្ធផលប្រទេសកម្ពុជាមិនត្រឹមតែត្រូវបានគេស្គាល់ថា ជាកោះសន្តិភាពក្នុងតំបន់ទន្លេមេគង្គប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងត្រូវបានត្រូវបានដាក់ឈ្មោះថា «ប្រទេសតូចប៉ុន្ដែមានបេះដូងទូលាយ» ផងដែរ។
ទី៣ សម្ដេចតេជោ ហ៊ុន សែន បានរួមចំណែកយ៉ាងសំខាន់ ក្នុងវិស័យមនុស្សធម៌ និងសាមគ្គីភាព ពោលគឺការយកចិត្តទុកដាក់ខ្លាំងលើជនជាតិភាគតិចនៅកម្ពុជា, ការលើកកម្ពស់ភាពអត់ឱនសាសនា និងគោលនយោបាយស្ដីពីសេរីភាពសាសនា។
ទី៤ យោងតាមនីតិវិធីរដ្ឋបាល និងប្រពន្ធសិក្សាអប់រំ សម្ដេចតេជោ ហ៊ុន សែន បានបំពេញលក្ខណ្ឌដូចនៅចែងបទបញ្ញត្ដិរបស់ក្រសួងកិច្ចការស្រាវជ្រាវ បច្ចេកវិទ្យា និងឧត្តមសិក្សាលេខ៦៥ ឆ្នាំ២០១៦ ស្ដីពីសញ្ញាបត្របណ្ឌិតកិត្តិយស និងបទបញ្ញត្តិរបស់សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាងលេខ ០៣ ឆ្នាំ២០១៧ ស្ដីពីនីតិវិធីនៃការផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយសនៃសាកលវិទ្យាល័យជាតិនៃណេហ្គរី ប៉ាដាង។
ទី៥ ការសម្ដេចផ្ដល់សញ្ញាបត្រកិត្តយនេះនឹងត្រូវប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន ដោយផ្ទាល់ ហើយនឹងត្រូវប្រកាសជូនសាធារណៈជនជាតិ និងអន្តរជាតិ។ លើសពីនេះទៀត ពិធីផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះនឹងត្រូវរៀបចំជាផ្លូវការនៅសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ប្រទេសឥណ្ឌូណេស៊ីនាពេលអនាគតដ៏ខ្លីក្នុងឆ្នាំនេះ ដែលនឹងមានការចូលរួមជាសាក្ស៊ីពីមនុស្សប្រមាណ ៣ ០០០ នាក់ និងតំណាងថ្នាក់ដឹកនាំសាកលវិទ្យាល័យរដ្ឋនានានៅទូទាំងប្រទេសឥណ្ឌូណេស៊ីផងដែរ៕

























