កោះកុង ៖ រំហូរចំនួនភ្ញៀវទេសចរ ដែលមានបំណងចង់មកលេងកម្សាន្ត នៅតាមរមណីយដ្ឋានទេសចរក្នុងខេត្តកោះកុង ត្រូវសង្កេតឃើញថា ពុំទាន់ស្ទុះងើបនៅឡើយទេ ទោះបីជារាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យពលរដ្ឋចរាចរណ៍ធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ និងបើកដំណើការតំបន់ទេសចរក៏ដោយ។
ជាងកន្លះខែទៅហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបញ្ចប់ការមិនឱ្យធ្វើដំណើរឆ្លងកាត់ខេត្តមួយទៅខេត្តមួយទៀត និងប្រាប់ឱ្យតំបន់រមណីយដ្ឋានទេសចរទូទាំងប្រទេសដំណើរការឡើងវិញ។
សម្រាប់វិស័យទេសចរណ៍ នៅក្នុងខេត្តកោះកុង ត្រូវបានមន្រ្តីជំនាញសង្កេតឃើញថា លំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនស្ទុះងើបឡើងនៅឡើយទេ ព្រោះតែអ្នកទេសចរ ប្រតិបត្តិករ និងសេវាករផ្នែកសេវាគ្មានផ្សែងនេះ កំពុងព្រួយបារម្ភអំពីការរីករាកដាលជំងឺកូវីឌ១៩ដដែល។
លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី៥ ខែឧសភា នេះថា ប្រធាននិងប្រជាសហគមន៍តាមតំបន់ទេសចរអេកូទេសចរធម្មជាតិនានា ក្នុងខេត្ត មិនទាន់ហ៊ានបើកទ្វារស្វាគមន៍ភ្ញៀវទេសចរមកពីបណ្តារាជធានី និងខេត្តផ្សេងៗទៀត។ ទោះបីជាលោកបានផ្សព្វផ្សាយជូនដំណឹងពីការសម្រេចរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ពីការត្រៀមរៀបចំទទួលភ្ញៀវទេសចររួចរាល់អស់ហើយក៏ដោយ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្ត អះអាងថា អ្វីដែលសំខាន់នោះ គឺសូម្បីតែពលរដ្ឋរស់នៅក្នុងខេត្តផ្ទាល់ ក៏ត្រូវបានតំបន់ទេសចរមួយចំនួនមិនអនុញ្ញាតឱ្យលេងកម្សាន្តតំបន់រមណីយដ្ឋានផងដែរ។ បច្ចុប្បន្ន ស្ថានភាពភ្ញៀវទេសចរហាក់ស្ងប់ស្ងាត់ ស្ទើរតែ១០០ភាគរយទៅហើយ ពោលគឺមានអ្នកទេសចរក្នុងខេត្តប៉ុណ្ណោះ។
មិនខុសពីការលើកឡើងរបស់លោកប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងទេ លោក ធិន សម្បត្តិ មេឃុំតាតៃក្រោម តំណាងប្រជាសហគមន៍តំបន់អេកូទេសចរធម្មជាតិទឹកជ្រោះតាតៃ បានឱ្យដឹងថា ទាំងពលរដ្ឋលក់ដូរចំណីអាហារ និងសេវាករដឹកជញ្ជូនភ្ញៀវទេសចរលេងកម្សាន្តតាមដៃព្រែក សុទ្ធតែបារម្ភពីការរីករាលដាលជំងឺកូវីដ១៩ដដែល។ ដូច្នេះ ពួកគាត់បន្តរង់ចាំតាមដានស្ថានការណ៍ជំងឺកូវីដ១៩ ធូរស្រាល ទើបបើកភ្លើងខៀវផ្តល់សេវាកម្មដូចពេលមុនៗ។
គួរកត់សម្គាល់ថា សព្វថ្ងៃនេះ រមណីយដ្ឋានអេកូទេសចរធម្មជាតិទឹកជ្រោះតាតៃ រមណីយដ្ឋានព្រៃកោងកាងពាមក្រសោប ចេតិយឃុនឆាងឃុនផែន និងរមណីយដ្ឋានដ៏ទៃទៀត ស្ថិតនៅបរិយាកាសស្ងាត់ឈឹងគ្មានមនុស្សម្នា មកលេងកម្សាន្ត បើធៀបនឹង២ឆ្នាំមុន មុននឹងមិនញុំាញីដោយជំងឺកូវីដ១៩៕
អត្តបទ ៖ ឈឹម មករា








