អាមេរិក៖ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានព្រមានថា ខ្លួនអាចនឹងអស់សាច់ប្រាក់ក្នុងពេលឆាប់ៗនេះ ដើម្បីទូទាត់ការចំណាយរបស់រដ្ឋាភិបាលទាំងអស់ ដោយគ្មានការដំឡើងកម្រិតបំណុល ដែលជំរុញឲ្យប្រធានាធិបតី Joe Biden កោះអញ្ជើញមេដឹកនាំសភាជាន់ខ្ពស់ទាំង៤រូបទៅកាន់សេតវិមាន ដើម្បីព្យាយាមបញ្ចៀសវិបត្តិសារពើពន្ធ។

បុគ្គលម្នាក់ដែលបានដឹងផែនការនេះ បានប្រាប់សារព័ត៌មាន Reuters ថា លោក Biden បានហៅទូរស័ព្ទទៅកាន់ប្រធានសភាសហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក Kevin McCarthy នៅក្នុងទីក្រុងហ្ស៊េរ៉ុយសាឡឹម ព្រមទាំងមេដឹកនាំសភាមកពីគណបក្សប្រជាធិបតេយ្យ លោក Hakeem Jeffries មេដឹកនាំព្រឹទ្ធសភាសំឡេងភាគច្រើន លោក Chuck Schumer និងមេដឹកនាំគណបក្សសាធារណរដ្ឋ លោក Mitch McConnell និងបានអញ្ជើញពួកគេឲ្យចូលរួមកិច្ចប្រជុំនៅថ្ងៃទី៩ខែមិថុនាដើម្បីពិភាក្សាពីប្រាក់កម្ចី និងការចំណាយរបស់សហព័ន្ធ។
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បាននិយាយក្នុងលិខិតមួយផ្ញើទៅកាន់សភា ថាទីភ្នាក់ងារនេះទំនងជាមិនអាចបំពេញតាមតម្រូវការការចំណាយជាកាតព្វកិច្ចទាំងអស់របស់រដ្ឋាភិបាលអាមេរិក នៅត្រឹមដើមខែមិថុនា និងឲ្យបានឆាប់នៅថ្ងៃទី១ខែមិថុនាដោយគ្មានចំណាត់ការពីសភា បានទេ។

បន្ទាប់ពីបានឈានដល់កម្រិតនៃការខ្ចីប្រាក់ដល់ ៤៧.៤ សែនកោដិដុល្លារកាលពីថ្ងៃទី ១៩ ខែមករា លោកស្រី Yellen ធ្លាប់បានប្រាប់រតនាគារសភាថានឹងបន្តការទូទាត់លើប្រាក់បំណុល និងអត្ថប្រយោជន៍សហព័ន្ធ និងការចំណាយផ្សេងទៀតដោយប្រើបង្កាន់ដៃសាច់ប្រាក់សុទ្ធ និងវិធានការគ្រប់គ្រងសាច់ប្រាក់ខុសពីធម្មតា៕