ប្រណាំងរថយន្ត៖ ព្រឹត្តិការណ៍ F1 នៅលើទឹកដី Monaco ក្នុងខែនេះនឹងបើកអោយមានអ្នកគាំទ្រចូលទស្សនា ៤០% នៃកន្លែងទស្សនារយៈពេល ៣ថ្ងៃនៃការប្រកួតពីថ្ងៃទី២០ ដល់ ២៣ ខែឧសភានេះ។ អ្នកគាំទ្រនឹងត្រូវកំណត់ត្រាអោយត្រឹម ៧៥០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយមិនកំណត់ថាពួកគេមកពីប្រទេសណាឡើយ គឺអាចចូលទស្សនាបានទាំងអស់តែមានលក្ខខណ្ឌ។
អ្នកគាំទ្រត្រូវធ្វើតេស្តរកមេរោគ Covid-19 ៧២ម៉ោង និងលទ្ធផលអវិជ្ជមានមុនចូលទស្សនា។ លើកលែងតែថ្ងៃសុក្រមួយដែល F1 គ្មានសកម្មភាពនៅលើទីលាន អ្នកគាំទ្រត្រូវបានអនុញ្ញាតត្រឹម ៣០០០នាក់ទស្សនាកម្មវិធីផ្សេងៗដែលរៀបចំដោយ F1។ ការសំរេចបែបនេះធ្វើឡើងបន្ទាប់ពីអេស្ប៉ាញដែលនឹងប្រកួតសប្តាហ៍នេះ ក៏បានសំរេចបើកអោយមានអ្នកចូលទស្សនា ១០០០នាក់ផងដែរនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ រំលឹកថា ការប្រកួតនៅទឹកដីអឺរ៉ុបរដូវកាលនេះ ២លើកកន្លងមកនៅព័រទុយហ្កាល់ និងអ៊ីតាលីមិនមានការអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាឡើយ មានតែទីលានបើករដូវកាលនៅបារ៉ែនដែលបើកឲ្យចូលទស្សនា ៤៥០០នាក់៕
អត្ថបទ៖នាង សុភាវុធ