ភ្នំពេញ៖ សាជីវកម្មបរិស្ថាន បណ្ដាញទឹកនៃសាធារណរដ្ឋកូរ៉េ បានចុះកិច្ចព្រមព្រៀង (MOU) ក្នុងការជួយអភិវឌ្ឍវិស័យ ទឹកស្អាត ដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងតំបន់ដាច់ស្រយ៉ាល និងងាយរងគ្រោះដោយគ្រោះមហន្តរាយនានា ។
ក្នុងពិធីចុះ MOU រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសាជីវកម្មបរិស្ថាន បណ្ដាញទឹកកូរ៉េ មានលោក Park Seok-Hun អគ្គនាយក KWC ជាប្រធានគណៈប្រតិភូសាជីវកម្មបរិស្ថាន បណ្តាញទឹកកូរ៉េ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គីម វរៈ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើកឡើងថា MOU នេះជាចំណុចសំខាន់ នៃអាទិភាពកំពូលលើវិស័យទឹក មិនត្រឹមតែសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃធម្មតា និងទទួលផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគិតគូរក្នុងបរិបទ នៃការបង្កើនភាពអាសន្នផងដែរ ។
ឯកឧត្តមបន្តថា គ្រោះមហន្តរាយ ដែលពន្លឿនដោយការប្រែប្រួលអាកាសធាតុ គឺទឹកស្អាតមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការជួយសង្គ្រោះជីវិតមនុស្ស និងកាត់បន្ថយការរងទុក្ខវេទនា ក្នុងអំឡុងពេលមានអាសន្នណាមួយ ។
ឯកឧត្តមអគ្គលេខាធិការ បានបន្ថែមថា ជាមួយនឹងគម្រោងសាកល្បងដំបូងនេះ មានជំនឿយ៉ាងមុតមាំថា យើងទាំងអស់គ្នានឹងដាក់ដៃទាំងអស់គ្នា ដើម្បីធ្វើឱ្យវាក្លាយជាគម្រោងជោគជ័យ ដែលយើងទាំងអស់គ្នាជឿថា នឹងនាំទៅរកគំនិតផ្តួចផ្តើម និងគម្រោងផ្សេងៗទៀតនៅក្នុងនាពេលខាងមុខ ។
ឯកឧត្តម គីម វីរៈ បានបញ្ជាក់ថា គម្រោងនេះ នឹងចូលរួមក្នុងគោលដៅអភិវឌ្ឍន៍ប្រកប ដោយនិរន្តរភាពឆ្ពោះទៅឆ្នាំ២០៣០ មានការគាំទ្រពីអង្គការសហប្រជាជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាជាភាគីហត្ថលេខី នៃក្របខណ្ឌពិភពលោកដ៏សំខាន់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពជាងនេះទៅទៀត ខណៈកត្តាច្បាស់លាស់ នៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា វិស័យទឹក កំពុងរងផលប៉ះពាល់ ហើយសហគមន៍បានជួបប្រទះការខ្វះខាតទឹក សម្រាប់កសិកម្មនិងការប្រើប្រាស់ប្រចាំថ្ងៃ ៕ អត្ថបទ ៖ បាន សុខរិទ្ធិ





