ព្រះសីហនុ៖ នៅថ្ងៃដំបូងនៃការកីឡាស៉ីហ្គេម ប្រភេទកីឡាទូកក្តោង កម្ពុជាឈរលេខរៀងទី៤ ក្នុងចំណោមប្រទេសទាំង៦ ខណៈកីឡាប្តេជ្ញានឹងខិតខំយកទទួលឲ្យបានល្អប្រសើរជាងនេះ។
នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ខេត្តព្រះសីហនុ បានចាប់ផ្តើមការប្រកួតកីឡាស៉ីហ្គេម ប្រភេទកីឡាទូកក្តោង ដែលមានកីឡាករ កីឡាការិនី ចូលរួមមកពី៦ប្រទេស រួមមាន កម្ពុជា ថៃ វៀតណាម សិង្ហបុរី ហ្វីលីពីន និងម៉ាឡេស៉ី ដែលមានរយៈពេលមួយសប្តាហ៍ ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែឧសភានេះ។ បើតាមលោក សោម សិទ្ធរិទ្ធិពង្ស អគ្គលេខាធិការ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានឲ្យដឹងថា ចំពោះថ្ងៃដំបូងនៃការប្រកួតកីឡាទូកក្តោង កីឡាករ កីឡាការិនីនៃប្រទេសទាំង៦ បានចូលរួមគ្រប់វិញ្ញាសារទាំង៩ ក្នុងចំណោមជុំនីមួយៗ។
លោក សោម សិទ្ធរិទ្ធិពង្ស បញ្ជាក់ថា ជាលទ្ធផលក្នុងថ្ងៃដំបូងនេះ ប្រទេសថៃ បានឈរលេខរៀងទី១ សិង្ហបុរីលេខរៀងទី២ ម៉ាឡេស៉ីលេខរៀងទី៣ ខណៈកម្ពុជាឈរលេខរៀងទី៤ ក្នុងចំណោមវិញ្ញាសារទាំង៩។
ជាមួយនឹងលទ្ធផលខាង កីឡាករទូកក្តោងកម្ពុជា បានលើកឡើងថា ពួកគាត់នឹងខិតខំព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណាឲ្យលទ្ធផលនឹងល្អប្រសើរជាងនេះ។
ខេត្ដព្រះសីហនុ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេហ៍ (CAMSOC) បានកំណត់ជ្រើសរើសយកជាទីតាំងសម្រាប់ការប្រកួតកីឡាស៉ីហ្គេម ឱ្យទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា ៣ប្រភេទ ទី១ កីឡាទូកក្ដោង ទី២កីឡាជេតស្គី ឬម៉ូតូទឹកនៅទីលានតេជោ និងឆ្នេរសុខា និងទី៣ កីឡាបាល់ទះលើឆ្នេរខ្សាច់ នៅឆ្នេរជំទាវម៉ៅ គ្រោងចាប់ផ្តើមការប្រកួតនាថ្ងៃទី១១ខាងមុខ។៕ ដោយ ៖ ឧត្ដម






