ភ្នំពេញ ៖ នៅវិមានសន្តិភាពទីស្ដីការនាយករដ្ឋមន្ត្រីរសៀលថ្ងៃទី២ឧសភានេះសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានទទួលជួបជាមួយឯកឧត្តម ហ្កានេស ប្រាសាដ ធីស៊ីលស៊ីណា ប្រធានសភានេប៉ាល់ ។
បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រាប់ក្រុមអ្នកសារព័ត៌មានថា
ក្នុងជំនួបនេះ ឯកឧត្តម ប្រាសាដ ធីស៊ីលស៊ីណា សូមគោរពសម្ដែងនូវ ការអបអរសាទរជូនចំពោះសម្ដេចតេជោការ
ដែលសម្ដេចតេជោទទួលបានគោរមងារ "ពុទ្ធមាមកាភិបាល"ពីអង្គការពុទ្ធសាសនិកពិភពលោក។ ឯកឧត្តម ធីស៊ីលស៊ីណា បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានមកកាន់ព្រះរាជាណាចក្រកម្ពុជាកាលពី៦ខែមុនហើយឯកឧត្តមមានសេចក្តីរីករាយណាស់ ដែលបានមកកាន់ព្រះរាជាណាចក្រកម្ពុជាសារជាថ្មីដើម្បីពង្រីកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យវប្បធម៌ ទេសចរណ៍ វិនិយោគនិងជាពិសេសលើវិស័យដែលប្រទេសទាំងពីរបានចុះហត្ថលេខាព្រមព្រៀងគ្នារួចហើយ។
ឯកឧត្តម បានសំដែងនូវជំនឿជឿជាក់លើមូលដ្ឋានដែលប្រទេសទាំងពីរមានភាពដូចគ្នា ជាពិសេសលើវិស័យព្រះពុទ្ធសាសនា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ធីស៊ីលស៊ីណា ដែលបានមកចូលរួមក្នុងពិធីទទួលគោរមងារ ពុទ្ធមាមកាភិបាល និងសម្ដែងនូវការអបអរសាទរហើយសម្ដេចក៏បានមានប្រសាសន៍ថាសម្ដេចពិតជាមានកិត្តិយសណាស់ដែលបានទទួលគោរមងារដ៏ខ្ពង់ខ្ពស់បំផុតទាក់ទងនឹងព្រះពុទ្ធសាសនាហើយក៏ជាមោទនភាពណាស់ដែរ ដែលសម្ដេចធ្លាប់ជាក្មេងវត្តហើយពេលនេះត្រូវបានទទួលស្គាល់ថាជាអ្នកគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា។
សម្ដេចបានឯកភាពជាមួយនឹងឯកឧត្តម ធីស៊ីលស៊ីណា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងរវាងប្រទេសទាំងពីរតាមរយៈការជំរុញការអនុវត្តលើវិស័យទាំងឡាយដែលបានព្រមព្រៀងគ្នាហើយដោយឈរលើមូលដ្ឋានដែលប្រទេសទាំងពីរមានដូចគ្នា៕