ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២ឧសភានេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក ផាឡប់ ថៃអារី ប្រធានអង្គការពុទ្ធសាសនិកពិភពលោកចូលជួបសវនាការនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីផងដែរ។
លោក ផាឡប់ ថៃអារី បានគោរពជម្រាបជូនសម្ដេចតេជោថា លោកពិតជាមានកិត្តិយសណាស់ដែលបានផ្ដល់គោរមងារពុទ្ធមាមកាភិបាលជូនសម្ដេចតេជោ ព្រោះសម្ដេចតេជោបានចូលរួមចំណែកយ៉ាងច្រើនក្នុងការស្វែងរកសន្តិភាព ការអភិវឌ្ឍ ធ្វើឱ្យសាសនារស់ឡើងវិញ នៅកម្ពុជានិងការធ្វើសុខដុមនីយកម្មសាសនាដែលជាការងារមិនត្រឹមតែបម្រើឲ្យកម្ពុជា ទេ ប៉ុន្តែបម្រើឲ្យមនុស្សជាតិ ដែលការងារនេះចាំបាច់ត្រូវកត់ត្រាទុក ក្នុងប្រវត្តិសាស្ត្រតាមរយៈ ការនាំមកជូនសម្ដេចតេជោនូវគោរមងារពុទ្ធមាមកាភិបាលនេះ ។
ជាការឆ្លើយតប សម្ដេចតេជោបានមានប្រសាសន៍ថា ការទទួលបានគោរមងារនេះ គឺជាកិត្តិយសណាស់ ហើយក៏ជាមោទនភាពណាស់ដែរ។ សម្ដេចនឹងខិតខំថែមទៀត ដើម្បីលើកស្ទួយវិស័យសាសនាផង នឹងធ្វើសុខដុមនីយកម្មសាសនា មិនត្រឹមតែព្រះពុទ្ធសាសនាទេ និងរវាងសាសនាខុសគ្នាផងដែរ៕


