ភ្នំពេញ៖ នៅថ្ងៃទី៣ ខែឧសភានេះ ប្រតិភូកីឡា គ្រូបង្វឹក និងក្រុមកីឡាករ កីឡាការិនី មកពីបណ្តាប្រទេសអាស៊ាន ប្រមាណ ៦៥០ រូបបន្ថែមទៀត បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាធ្វើជាម្ចាស់ផ្ទះ។
ប្រតិភូកីឡា គ្រូបង្វឹក និងក្រុមកីឡាករ កីឡាការិនីប្រមាណ ៦៥០ រូបនេះមានមួយចំនួនមកពីប្រទេសឥណ្ឌូនេស៊ី ឡាវ សិង្ហបូរី ប្រ៊ុយណេយ៍ដារូសាឡឹម វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី ថៃ និងហ្វីលីពីន និងកីឡាករ កីឡាការិនីកម្ពុជាជិត ៥០ រូបផងដែរ ដែលបានបញ្ចប់ការហ្វឹកហាត់នៅក្រៅប្រទេស ក៏បានអញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមប្រកួតលើប្រភេទកីឡា ដូចជា កីឡា TEQBALL កីឡា PENCAK SILAT កីឡា JIJITSU គុនល្បុក្កតោ កីឡាហែលទឹក អត្តពលកម្ម កីឡាប្រណាំងកង់ Golf កីឡាប៉េតង់ ការ៉ាត់តេ E-Sport កីឡា Billiard Sports កីឡាវ៉ូវីណាម តេនីស តៃក្វាន់ដូ សីប៉ាតាក់ក្រ កីឡាប្រដាល់ ទ្រីយ៉ាថ្លុង កីឡាកាយសម្ព័ន្ធ កីឡា Arnis និងកីឡាបាល់ទាត់ផងដែរ។
បណ្តាប្រតិភូ និងក្រុមកីឡា បានថ្លែងការប្តេជ្ញាចិត្ត ក្នុងការប្រកួតដណ្តើមយកមេដាយដើម្បីលើកមុខមាត់កិត្តិយសប្រទេសជាតិរបស់ពួកគេ ហើយក្រុមកីឡាក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រតិភូកីឡា និងកីឡាករទាំងអស់។
បើតាមមន្ត្រីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គិតចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៣ ខែឧសភា មានប្រតិភូកីឡា គ្រូបង្វឹក និងកីឡាករ កីឡាការិនី និងអ្នកសារព័ត៌មានបណ្តាប្រទេសអាស៊ាន ប្រមាណជាង ២៧០០ រូប ក្នុងចំណោមប្រតិភូ កីឡា អាស៊ានប្រមាណជាង ១២០០០ នាក់ គឺបានអញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមក្នុង ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២៕ អត្ថបទ ស៊ុម សុខជា