ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ និងក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចប់ការរៀបចំសៀវភៅជំនួយស្មារតីគ្រូ ពាក់ព័ន្ធបទប្បញ្ញត្តិ នៃគ្រឹះរដ្ឋធម្មនុញ្ញ រួចរាល់ហើយ និងគ្រោងបោះពុម្ពដាក់ឲ្យប្រើប្រាស់ និងធ្វើការបណ្ដុះបណ្ដាលដល់គ្រូបង្គោល ដើម្បីផ្សព្វផ្សាយពីសៀវភៅនេះ ។
ក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារក្រសួងអប់រំ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមការងារចំពោះកិច្ចនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ មានប្រសាសន៍ថា ក្រុមការងារចំពោះកិច្ច បានបញ្ចប់ការប្រមូលយកនូវធាតុចូលនានា ដើម្បីបញ្ចូលក្នុងសៀវភៅជំនួយ ស្មារតីគ្រូពាក់ព័ន្ធបទប្បញ្ញត្តិ នៃគ្រឹះរដ្ឋធម្មនុញ្ញ តាំងពីខែមេសាកន្លងទៅនេះ ហើយការបញ្ចូលនេះ គឺយកតែចំណុចដែលមានវិសាលភាពពាក់ព័ន្ធនឹងការងារនេះ ។
ឯកឧត្តម បានបន្តថា ជាជំហានបន្ទាប់គ្រោងនឹងធ្វើការបណ្ដុះបណ្ដាល ដល់គ្រូឧទ្ទេសនៅទូទាំងប្រទេស នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នាខេត្តសៀមរាប ដែលមានវាគ្មិនចំនួន៣ក្រុម ដើម្បីធ្វើបទបង្ហាញ ។
ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា បានបន្ថែមថា ការបណ្ដុះបណ្ដាលនេះ ទោះសៀវភៅមិនទាន់បានបោះពុម្ភនៅឡើយក៏ដោយ ក៏ទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំ នៃក្រសួងស្ថាប័នទាំងពីរ ខណៈឯកសារនេះ បានដាក់ចូលទៅក្នុងរោងពុម្ព ដើម្បីធ្វើការបោះពុម្ភផងដែរ ។
គួរបញ្ជាក់ថា ក្រោមអនុស្សារណៈនៃការយោគយល់គ្នា (MOU) កាលពីឆ្នាំ២០១៩ រវាងក្រុមប្រឹក្សាធម្មនុញ្ញា និងក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចប្រកាសជាផ្លូវការចាប់ផ្តើមអនុវត្តបញ្ចូលខ្លឹមសាររដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីសិក្សា ដោយខ្លឹមសាររដ្ឋធម្មនុញ្ញមាន៤០មាត្រាត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាទាំង ៣កម្រិត ពោលចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ៕ អត្ថបទ បាន សុខរិទ្ធិ


