ភ្នំពេញ៖ ផ្លូវសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ ពិសេសតម្រាយផ្លូវជុំវិញ មហាវិថីឈ្នះឈ្នះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការផ្អាកជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់ , រថយន្តដឹកដី,រថយន្តដឹកខ្សាច់ និងរថយន្តកុងតឺន័រទាំងអស់ មិនអនុញ្ញាតឱ្យមានការធ្វើចរាចរណ៍នោះឡើយ គិតចាប់ពីថ្ងៃទី០៣ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។
ដងផ្លូវសំខាន់ៗដែលអាជ្ញាធររាជធានីភ្នំពេញ សម្រេចហាមឃាត់រថយន្តធុនធំមួយចំនួនផ្អាកជាបណ្តោះអាសន្នមិនអោយឆ្លងកាត់នោះ រួមមាន៖ ផ្លូវជាតិលេខ៦ គឺគិតចាប់ពីរង្វង់មូលព្រហ្មបាយ័ន្ត រហូតដល់ព្រុំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល , កំណាត់មហាវិថីឈ្នះ ឈ្នះ ( ហាមឃាត់គិតចាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ) , និងកំណាត់មហាវិថីមិត្តភាពភ្នំពេញ ហាណូយ ( គិតចាប់ពីមហាវិថីឈ្នះ ឈ្នះ រហូតដល់មហាវិថីសហព័ន្ធរុស្ស៊ី ) មិនអនុញ្ញាតឱ្យធ្វើចរាចរ ចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។ ដែលដងផ្លូវ និងមហាវិថីទាំងនេះ គឺជាផ្លូវសំខាន់ ដែលគណៈប្រតិភូ និងកីឡាករត្រូវធ្វើដំណើរឆ្ពោះទៅកាន់ពហុកីឡដ្ឋាន ។
ផ្អែកតាមការជូនដំណឹងរបស់អាជ្ញាធររាជធានី ក្រោយការផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យចរាចរជាធម្មតាវិញ ។
សូមបញ្ជាក់ថា នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ ក៏នឹងចូលមកដល់នោះ ពោលគឺចាប់បើក នៅថ្ងៃទី០៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។ ដោយពិធីបើកនោះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ទន្ទឹមថ្ងៃប្រារព្ធមហាព្រឹត្តិការណ៍កីឡាខាងលើនេះដែរ អាជ្ញាធររាជធានី បានធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិធីដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ និងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ រហូតដល់បញ្ចប់កម្មវិធីសម្រាប់ថ្ងៃនីមួយៗ ដើម្បីឱ្យពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀប រយសាធារណៈ ៕ អត្ថបទ៖ លីហេង /កុម្ភះ









