ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កងកម្លាំងអន្តរាគមន៍បានត្រៀមរួចរាល់ ដើម្បីប្រតិបត្តិការជួយសង្គ្រោះកីឡាករអំឡុងប្រកួតកីឡាស៉ីហ្គេមដែលធ្វើឡើងលើផ្ទៃសមុទ្រ។

ក្នុងពេលខេត្តព្រះសីហនុត្រូវបានជ្រើសរើសជាទីតាំងការប្រកួតកីឡាស៉ីហ្គេមលើប្រភេទកីឡាចំនួន៣ ដូចជា ការប្រកួតកីឡាទូកក្តោង ជេតស្គីឬ ការប្រកួតកីឡាម៉ូតូ និងបាល់ទះលើឆ្នេរខ្សាច់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ក្រុមការងារ BTV News ថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៉ីហ្គេម ជាពិសេសក្នុងខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរៀបចំទៅលើសន្តិសុខ សណ្តាប់ធ្នាប់ជូនគណៈប្រតិភូកីឡា រួមទាំងកីឡាករ កីឡាការិនី មកពីប្រទេសចំនួន៦ ចូលរួមប្រកួតកីឡាស៉ីហ្គេមនេះក្នុងខេត្តព្រះសីហនុ។


លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បញ្ជាក់ថា ពិតណាស់ផ្អែកតាមភូមិសាស្រ្តតបស់ខេត្តព្រះសីហនុ ជាតំបន់សមុទ្រ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ខ្ពស់បំផុតអំពីសុវត្ថិភាពរបស់កីឡាករគ្រប់រូបអំឡុងការប្រកួតលើផ្ទៃសមុទ្រ ដោយត្រៀមកម្លាំងអន្តរាគមន៍ ដើម្បីចេញជួយប្រតិបត្តិការជួយសង្គ្រោះបានទាន់ពេលវេលាក្នុងករណីមានហេតុការណ៍ជាយថាហេតុកើតឡើង។
ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានគូសបញ្ជាក់ទៀតថា ទោះបីអំឡុងការប្រកួតមិនមានឧបសគ្គ ឬបាតុភាពណាមួយកើតឡើងក្តី ប៉ុន្តែកម្លាំងអន្តរាគមន៍ពាក់ព័ន្ធបន្តឈរជើងតាមគោលដៅ និងទីតាំងនៃការប្រកួតនីមួយៗ ដើម្បីធានាអំពីសន្តិសុខ សណ្តាប់ធ្នាប់នៅបរិវេណតបស់កីឡាស៉ីហ្គេម។

ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បន្ថែមថា ស្របពេលកីឡា២ប្រភេទផ្សេងទៀត នឹងចាប់ផ្តើមនាសប្តាហ៍ក្រោយនេះ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យសមត្ថកិច្ចមូលដ្ឋានទាំងអស់ត្រៀមប្រចាំបញ្ជា និងការពារយ៉ាងម៉ឺងម៉ាត់បំផុត និងផ្តល់ភាពកក់ក្តៅដល់គណៈប្រតិភូកីឡា កីឡាករ កីឡាការិនីទាំងអស់ចូលរួមប្រកីឡាស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ៕






