
អង្គភាពប្រតិបត្តិរបស់សហភាពអឺរ៉ុប មានបំណងបម្រុងទឹកប្រាក់ជាង ៥០០លានអឺរ៉ូ ឬ ៥៥០លានដុល្លារ ដើម្បីបង្កើនការផលិតគ្រាប់រំសេវជួយដល់ប្រទេសអ៊ុយក្រែន និងដាក់បំពេញឃ្លាំងអាវុធ របស់ប្រទេសសមាជិកសហភាពអឺរ៉ុប។
ស្ថិតនៅក្រោមផែនការមួយ ដែលបានបង្ហាញដោយគណៈកម្មការអឺរ៉ុបនៅថ្ងៃពុធនេះ សហភាពអឺរ៉ុបនឹងផ្តល់ការឧបត្ថមធនដល់ក្រុមហ៊ុនផលិតសព្វាវុធសហភពអឺរ៉ុបសម្រាប់ការវិនិយោគ ដែលបង្កើនការផលិតគ្រាប់រំសេវ និងមីស៊ីល។ លោក Thierry Breton ស្នងការទទួលបន្ទុកទីផ្សារផ្ទៃក្នុងរបស់សហភាពអឺរ៉ុប បាននិយាយនៅក្នុងសុន្ទរកថាដែលបានចេញផ្សាយមុនពេលប្រកាសជាផ្លូវការថា នៅពេលនិយាយដល់វិស័យការពារជាតិ ឧស្សាហកម្មរបស់យើង បច្ចុប្បន្ននេះត្រូវតែបង្វែរទៅរកគំរូសេដ្ឋកិច្ចសង្គ្រាមពេលមានសង្គ្រាម។
ផែនការនឹងត្រូវការការអនុម័ត្តពីរដ្ឋាភិបាលសហភាពអឺរ៉ុប និងសភាអឺរ៉ុប ដើម្បីឲ្យក្លាយជាការពិត។ ផែនការនេះ គឺជាផ្នែកទី៣ នៃកិច្ចប្រឹងប្រែងដ៏ទូលំទូលាយរបស់សហភាពអឺរ៉ុប ធ្វើយ៉ាងណាដើម្បីទទួលបានគ្រាប់រំសេវ និងសព្វាវុធបន្ថែមទៀតទៅដល់ប្រទេសអ៊ុយក្រែន ជាពិសេសគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ ដែលទីក្រុងគីវកំពុងទទូចសុំ ខណៈការប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៊ី បានក្លាយជាសង្គ្រាមបំផ្លាញទៅវិញទៅមក។
ជាផ្នែកនៃការជំរុញដើម្បីផ្គត់ផ្គង់គ្រាប់ផ្លោងចំនួន១លានគ្រាប់ដល់ប្រទេសអ៊ុយក្រែនក្នុងរយៈពេល១២ខែ សហភាពអឺរ៉ុប បានព្រមព្រៀងរួចហើយ ដើម្បីទុកបម្រុងដោយឡែកនូវថវិកា ១ពាន់លានអឺរ៉ូ ឬ១,១០ ពាន់ លានដុល្លារសម្រាប់គ្រាប់រំសេវ និងមីស៊ីល ដែលសមាជិករបស់ខ្លួនបញ្ជូនទៅឲ្យអ៊ុយក្រែនពីឃ្លាំង ស្តុក។
